ព័ត៌មានជាតិ

រកឃើញសពកុមារីអាយុ៨ឆ្នាំម្នាក់បន្ទាប់ពីបាត់ខ្លួនជាច្រើនថ្ងៃ សង្ស័យជាករណីរំលោភសម្លាប់​

កុមារីជាសិស្សសាលាបឋមសិក្សាទំនប់ក៥ បានបាត់ខ្លួនអស់រយះពេល១ថ្ងៃ១យប់ ក្រោយពីសមត្ថកិច្ចស្វែងរកសពឃើញហើយ សង្ស័យជាករណីចាប់រំលោភសម្លាប់។

ការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅវេលាប្រហែលជាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​ជាសិស្សរៀននៅ​សាលាបឋមសិ​ក្សា​ទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មេភូមិទំនប់ក៥បានប្រាប់ឲ្យដឹងថា ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ ហួត លីស្សា មានអាយុ៨ឆ្នាំ ឳពុកឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ ម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឪពុកម្តាយក្មេងរងគ្រោះបានអះអាងថា កូនគាត់បានទៅរៀនដូចសព្វមួយដង តែថ្ងៃនេះមិនឃើញកូនត្រឡប់មកផ្ទះវិញ លោកគ្រូ អ្នកគ្រូ​បានប្រាប់ថា កូនរបស់គាត់បានចេញពីរៀនតាំងពីម៉ោងជាង១០ព្រឹកមកម្លេះរហូត ដល់ម៉ោង៨យប់នៅរកក្មេងស្រីមិនឃើញទៀត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ ឲ្យដឹងថា ក្រោយពេលឪពុកម្តាយបានដាក់ពាក្យប្តឹងហើយ​លោកបាន​ដឹកនាំកម្លាំង​ធ្វើការស្រាវជ្រាវបានរកឃើញកាបូបដាក់សៀវភៅ ស្បែកជើង និងដបទឹកនាង នៅក្រៅសាលារៀន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅយប់នោះអ្នកភូមិថា បានឃើញ​រថយន្តម៉ាក​តូយ៉ូតាហាយឡែនឌ័រ១គ្រឿង បើកចូលមកឈប់នៅដីឡូតិ៍១កន្លែងក្បែរក្នុងភូមិនេះមួយសន្ទុះបើកចេញពីដីឡូតិ៍វិញ ដោយ​មានការសង្ស័យ អ្នកភូមិក៏បានទៅពិនិត្យម្តុំនោះស្រាប់តែរកសពក្មេងស្រីនោះឃើញ ក្នុងខ្លួនសព មានអាវ គ្មានសំពត់កប់ក្នុងដី ហើយសង្កត់ដុំថ្មពីលើផង ។ សមត្ថកិច្ចចម្រុះ រួមទាំងនគរបាលបានធ្វើកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា សពក្មេងស្រីនេះសង្ស័យជាករណីចាប់បង្ខំ រំលោភសម្លាប់ ។

លោកវរសេនីយ៍សៅ សារឿន បន្តថា សមត្ថកិច្ចនគរបាលជំនាញក្រុង ប៉ុស្តិ៍រដ្ឋបាលនិងខេត្ត បានសហការនឹងសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យ ធ្វើកោសល្យវិច័យសព ហើយនិងកំណត់មុខសញ្ញាតាមរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសឲ្យបាន៕

មតិយោបល់