ភ្នំពេញ: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យមានវិបត្តិដោះស្រាយមិនចេញ ក៏គិតខ្លីចងកសម្លាប់ខ្លួន តែមុនស្លាប់បានសរសេរពាក្យបណ្តាំបែបនេះថា មិនចង់បន្តទៀតទេ បញ្ចប់ត្រឹមហ្នឹងចុះ មិនបាច់យកសពខ្ញុំទៅធ្វើបុណ្យទេ កុំឱ្យពិបាក ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ចំណុចដើមអាកាស្យា ក្នុងដីវាលមួយកន្លែងខាងជើង មហាវិថី ឈ្នះ ឈ្នះ ប្រមាណ៣០០ម៉ែត្រ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរសជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA 1062 ។
តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា បុរសរូបនោះបានទុកម៉ូតូស្មាស់វីមួយគ្រឿងចោល ដែលមានចម្ងាយប្រមាណជា១០០ម៉ែត្រ ពីកន្លែងចងក ដោយហើយសមត្ថកិច្ចឆែកឆេរលើដងខ្លួនសាកសព ឃើញបន្សល់ទុកក្រដាសមួយសន្លឹក ដោយសរសេរជាពាក្យបណ្តាំថា «មិនចង់បន្តទៀតទេ បញ្ចប់ត្រឹមហ្នឹងចុះ មិនបាច់យកសពខ្ញុំទៅធ្វើបុណ្យទេ កុំឱ្យពិបាក» ។
តាមការសន្និដ្ឋានពីប្រជាពលរដ្ឋមួយចំនួន ដែលទៅចោមរោមមើលសពដែរនោះ បាននិយាយថា សពបុរសខាងលើអាចជាមនុស្សមានប្រពន្ធ ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ សពត្រូវបានដឹកតាមរថយន្តទៅតម្កល់ទុកក្នុងវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់