ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាពីរនាក់បងប្អូន ត្រូវរថយន្តឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: ជិះម៉ូតូឌុបគ្នាពីរនាក់បងប្អូនថ្លៃ ត្រូវរថយន្តឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ចំណុចខាងត្បូងរង្វង់មូលនាងមច្ឆាមប្រមាណ ១០០ម៉ែត្រ តាមបណ្តោយមហាវិថីអូស៊ីអាយស៊ីកែងផ្លូវបេតុង ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-6730 បើកដោយបុរសវ័យចំណាស់ម្នាក់។
ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AN-2782 ជិះឌុបគ្នាដោយបុរសពីរនាក់ជាបងប្អូនថ្លៃនឹងគ្នាអ្នកឌុបឈ្មោះ លី ណាំឈីវ អាយុ ២៤ឆ្នាំ មុខរបរកម្មផ្សារដែក ស្នាក់នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ និងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវអូស៊ីអាយុស៊ីក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតាកូម៉ាខាងលើ បើកតាមបណ្តោយផ្លូវអូស៊ីអាយស៊ីបើកទិសដៅពីត្បូងទៅជើងបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងអូសប្រមាណ ៥ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ម្នាក់។

ក្រោយពីកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តរួមទាំងតៃកុង បន្ទាប់ពីវាស់វែងរួច ត្រូវបានបញ្ជូនទៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានី ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់