កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជាង៤០គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង១៥នាទី ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចបុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក ដោកមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ទោ ឆាយ ហូត លោកឧត្តមសេនីយ៍ត្រី គឹម តូ. លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ. មានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះ
១. ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិចកាំង ។
២.ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។ ដកហូតសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់