ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងកង់បី ស្ថិតត្រងចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ២៦១កែងនិងផ្លូវ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-9561 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុម៉ូតូកង់បីនោះក៏បានបើកឆ្លងកាត់ផ្លូវ២០៤ ខណៈពេលដែលបើកឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-3900 ដែលបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២៦១ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកម៉ូតូកង់បីចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងរងការខូចខាតមួយចំហៀងខាងស្ដាំ និងបុរសជាអ្នកបើកបររងរបួសធ្ងន់។ ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររថយន្តក៏បានចុះពីលើរថយន្ត រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុក៏មានរថយន្តរបស់គ្លីនិកឯកជន បានមកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្ត និងម៉ូតូកង់បីត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕
មតិយោបល់