ព័ត៌មានជាតិ

Update៖ សង្ស័យធ្លាយហ្គាសទើបកើតជាអគ្គិភ័យឆាបឆេះផ្ទះស្ទើរតែទាំងស្រុង

ភ្នំពេញៈ ករណីអគ្គិភ័យមួយបានឆាបឆេះសិប្បកម្មកាត់ដេរខោអាវមួយកន្លែង ដោយសារតែការធ្លាយហ្គាសបង្កជាអគ្គិភ័យ ក្នុងនោះបានបំផ្លាញសម្ភារៈអស់មួយចំនួន ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតចំណុចសិប្បកម្មកាត់ដេរខោអាវមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កើតហេតុភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចថា មានអគ្គិភ័យកំពុងឆាបឆេះសិប្បកម្មកាត់ដេរខោអាវ ភ្លាមៗនោះ កម្លាំងជំនាញពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ការជួយអន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង។

ផ្ទះដែលត្រូវអគ្គិភ័យបានឆេះបំផ្លាញ ប្រភេទថ្មប្រក់សង័្កសី ដែលមានទំហំ ៦ម៉ែត្រ x ១៦ម៉ែត្រ និងបណ្តាលឲ្យឆេះខូចខាតសម្ភារៈរួមមាន ម៉ាស៊ីនដេរចំនួន ១០គ្រឿង, ទូរទស្សន៍ ១គ្រឿង, ទូរទឹកកក ១គ្រឿង, ធុងហ្គាស ១ធុង, ក្រណាត់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញបានធ្វើការគ្រងគ្រងបាននៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃដដែល។

សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកម្នាក់រងគ្រោះឡើយ៕

មតិយោបល់