ព័ត៌មានជាតិ

បុគ្គលិករបស់ក្រុមហ៊ុន ខេស៊ីមិន វាយធ្វើទារុណកម្ម និងប៉ុនប៉ងចាក់សម្លាប់ស្ត្រីម្នាក់ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ដែលជាអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខេស៊ីមិន ម្នាក់ ដែលបានធ្វើសកម្មភាពវាយទារុណកម្ម ធ្វើបាប និងប៉ុនប៉ងចាក់សម្លាប់ ព្រមទាំងធ្វើការគំរាមតាមសម្លាប់ស្រ្តីម្នាក់ចោលនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួនបានហើយ បន្ទាប់ពីជននោះព្យាយាមរត់គេចខ្លួនបាត់ បានរយ:ពេល១២ ម៉ោង ហើយវិលត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង១២យប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧។

ការប៉ុនប៉ងសម្លាប់នោះ ត្រូវបានស្រ្តីរងគ្រោះប្រាប់ថា រវាងរូបនាង និងជនសង្ស័យខាងលើនោះ មិនដែលមានទំនាស់នឹងគ្នាទាល់តែសោះ ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ខណ:ពេល ដែលជននោះ ផឹកស្រាស្រវឹង បានទាញអំបោសបោសដី មកវាយនាងទាំងកម្រោលដោយមិនដឹងខ្លួន ព្រមទាំងយកកូនកាំបិតបម្រុងចាក់សម្លាប់នាងចោលថែមទៀត។ ខណ:នោះបើកុំតែបានអ្នកជិតខាងជួយទាន់ ប្រហែលនាងត្រូវស្លាប់បាត់ទៅហើយ។ បន្ទាប់មកជនដៃដល់ខាងលើ បានបើករថយន្តម៉ាកវីហ្គោ ស៊េរីឆ្នាំ២០១៦ មួយគ្រឿង គេចខ្លួនទៅបាត់ស្រមោល តែម្ដង។

ប៉ុន្តែក្រោយពេលចាប់ខ្លួន ជននោះបានប្រាប់ថា មិនមែននៅ សុខៗខ្លួនទៅវាយនាងនោះទេ គឺដោយសារតែនាងនិយាយដើមបរិហារកេរ្តិ៍ខ្លួនមិនឈប់ ហើយនៅពេល ដែលរូបគេសួរនាំនិងបបួលទៅជជែកគ្នានៅប៉ុស្ដិ៍ប៉ូលិសចោមចៅ ស្រាប់តែស្រ្តីនោះ និយាយថា «អ្ហែង ឪអញ! » និងបានជេរប្រមាថមកលើខ្លួនថែមទៀត ទើបរូបគាត់វាយ ហើយស្រ្តីនោះប្រតាយប្រតប់គ្នា បណ្ដាលឲ្យរូបគេមុតក្រចកដាច់សាច់មុខ រូបគេក៏បានទាញកូនកាំបិត ប្រុងចាក់សម្លាប់តែម្ដង។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ទី៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលជាជនរងគ្រោះនោះឈ្មោះ អ៊ឹម ស្រីម៉ៅ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានប្តីឈ្មោះ ចិន ស៊ីម អាយុ៣៨ឆ្នាំ មុខរបរជាមន្រ្តីយោធា សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ដោយឡែកជនសង្ស័យ ដែលជាជនបង្កដៃដល់ ឈ្មោះ ឆេង លី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ក្រុមហ៊ុនខេស៊ីមិន ស្នាក់នៅ បន្ទប់ផ្ទះជួលក្បែរគ្នា ត្រូវចាប់ខ្លួនបានហើយ។

ស្រ្តីរងគ្រោះបាននិយាយថា រវាងនាងនិងជនដៃដល់ខាងលើ ជាមនុស្សស្គាល់គ្នា ដោយនាងបានហៅគាត់ ឲ្យមកនៅក្បែរ បានជាគ្នាទៀតផង ហើយកន្លងមកមិនដែលមានទំនាស់គ្នាទាល់តែសោះ ប៉ុន្តែមិនដឹងថាជន នោះខឹងនិង មានគំនុំអ្វីជាមួយនាង លាក់ទុកក្នុងចិត្តតាំងពីពេល ណាមកនោះទេទើបធ្វើបាបនាងបែបនេះ។

នៅមុនពេលកើតហេតុ នាងបានបោសសម្អាតផ្ទះ ដោយមិនដឹងខ្លួនស្រាប់តែជននោះ ស្រែកឡូឡារបន្ទាប់ មកបានទាញយកអំបោស វាយរូបនាងទាំងកម្រាលមិនដឹងមូលហេតុ ហើយបើដឹងថាជននោះខឹងនិងនាង រឿងអ្វីមួយក៏អស់ចិត្តដែរ បន្ទាប់មកជននោះបានទាញយកកូនកាំបិត ប៉ងចាក់សម្លាប់នាងទៀត ប៉ុន្តែបានអ្នក ជិតខាងជួយទាន់ កុំអីនាងស្លាប់បាត់ទៅហើយ មិនតែប៉ុណ្ណោះនិងនាំបក្ខពួកតាមសម្លាប់នាងចោលថែមទៀត។

ក្រោយពីមានការភ្ញាក់ផ្អើល ជនបង្កបានបើករថយន្តម៉ាក វីហ្គោ ស៊េរីឆ្នាំ២០១៦ គេចខ្លួនបាត់ព្រម ទាំងបានគំរាមតាមទូរស័ព្ទថា ទោះនាងទៅដល់ទីណា ក៏តាមធ្វើនាងស៊ី (សម្លាប់នាងចោល)ដែរ និងគំរាមថា និងដាក់ពាក្យប្ដឹងនាងទៀតផងពិតជាខ្លាំងគួរឲ្យខ្លាចមែនទែនសម្រាប់អ្នកទន់ខ្សោយដូចជារូបនាង។

នគរបាលបាននិយាយថា ក្រោយពេលទទួលរងទារុណកម្ម និងប៉ុនប៉ងចាក់សម្លាប់ពីសំណាក់ជនដៃដល់ ខាងលើនោះរួចមក នាងរងគ្រោះបានទូរសព្ទសុំអន្តរាគមន៍ពី សំណាក់កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ហើយខណ:នោះកម្លាំងបានចុះភ្លាមៗ ប៉ុន្តែជននោះមិនហ៊ាននៅទីនោះទេ ទំនងខ្លាចជាប់ខ្នោះដែរ។ ប៉ុន្តែទោះបីជាបែបណា ជននោះមិនអាចគេចផុតពីសំណាញ់ច្បាប់នោះឡើយ ទីបំផុតនៅតែត្រូវបានចាប់ខ្លួនបានដដែល។

អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺរឿងរ៉ាវខាងលើនោះ មិនមែនទះដៃម្ខាងឮ ឬអាចនិយាយបានថា មានភ្លើងទើបមានផ្សែង មិនមែនដូចជាការអះអាង របស់ស្ត្រីរងគ្រោះទាំងស្រុងថាគ្មានរឿងអីសោះនៅសុខៗ ស្រាប់តែបុរសនោះទៅវាយធ្វើបាបខ្លួនទាំងកម្រោលនោះទេ ។ ក្រោយការចាប់ខ្លួនជននោះទើបដឹងថា មុនពេលកើតរឿងវាយតប់គ្នាគឺមានការឈ្លោះគ្នា ប៉ុន្តែទោះជាបែបណា ជនរងគ្រោះគឺជាស្រ្តីភេទ ដូច្នេះជននោះនិងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន៕

មតិយោបល់