ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ុតូបុកគូទរថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវដាក់ភ្លើងសញ្ញាមិនគ្រប់គ្រាន់

បន្ទាយមានជ័យ: យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូបុករថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៨ចន្លោះបង្គោលគីឡូលេខ១៧-១៨ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារ: អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ ដំបូងមានរថយន្ដ ០១គ្រឿងម៉ាកហីយ៉ាន់ដាយពណ៍ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.7650បើកបរ មកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុ ក៏ខូចចតលើចិញ្ចើមផ្លូវ ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ 1R.8989 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ ឡាន់ វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ មានលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (គ្មានពាក់មួកសុវត្តិភាព) បានបុកពីក្រោយរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សស់ទុកអ្នករួមដំណើរចំនួន០២នាក់ ។ បើយោងតាមការបំភ្លឺឲ្យដឹងពីអ្នករួមដំណើរទាំង០២នាក់នោះ បានប្រាប់នគរបាលថា អ្នកបើកបររថយន្ត ឈ្មោះ សាន់ ហឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអូរឬស្សីក្រោម សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

លោក អ៊ឹម សុភារ: បានបញ្ជាក់ទៀតថា ៖ មូលហេតុបណ្ដាលឲ្យកើតមានគ្រោះថ្នាក់គឺមកពីរថយន្ដខូចចតនៅលើចិញ្ចើមផ្លូវខ្វះសញ្ញាផ្ដល់ដំណឹងមិនគ្រប់គ្រាន់ ចំណែកអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងស្រវឹងស្រា បងប្អូនសាច់ញាតិឃាត់មិនស្តាប់ នេះបើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះបានបំភ្លឺប្រាប់នគរបាល ។ សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តនគរបាលកំពុងស្រាវជ្រាវ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕

 

មតិយោបល់