ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត mazda មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករះម៉ូតូ០២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ និងបុរស២នាក់រងរបួសធ្ងន់ស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ០២គ្រឿង បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង មួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញពេញ 1DD-6234 ជិះដោយបុរសម្នាក់ មួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-9987 ជិះដោយគ្នា២នាក់ប្តីនិងប្រពន្ធជិតសម្រាលកូន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ទល់មុខសណ្ឋាគារភ្នំពេញ គេឃើញបុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្ត mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-3337 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿនបុករះម៉ូតូ០២គ្រឿង បណ្តាលឲ្យដួលរងរបួសធ្ងន់ ស្រ្តីពោះធំម្នាក់ជិតសម្រាលកូន ឯបុរស២នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។ រីឯម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់