ស្ទឹងត្រែងៈ ក្រោយការចាប់ខ្លួនជនបរទេស៤នាក់ កាលពី២ថ្ងៃមុន ក្នុងនោះមានវៀតណាម និងចិន ថា មានការពាក់ព័ន្ធករណីគ្រឿងញៀន ពេលនេះសមត្ថកិច្ចបានបដិសេធ។ បដិសេធបន្ទាប់ពីសមត្ថកិច្ចយកទៅពិសោធន៍ ហើយលទ្ធផលត្រូវបានបង្ហាញ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាននិយាយថា ជនបរទេស៤នាក់ មិនមានការពាក់ព័ន្ធគ្រឿងញៀនទេ ក្រោយសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ១៩ តុលា។
បើតាមលោក ចែម ផានិត បានប្រាប់អង្គភាពសារព័ត៌មាន Post News នៅរសៀលថ្ងៃទី២១ តុលា ថា “ពួកគេមិនពាក់ព័ន្ធករណីគ្រឿងញៀនទេ ពីព្រោះយើងបានយកសារធាតុទាំងនោះទៅពិសោធន៍នៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកាលពីយប់មិញ ហើយលទ្ធផលបានបង្ហាញ”។
អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធ បានសង្កត់ធ្ងន់ថា ក្នុងចំណោម៤នាក់ មានវៀតណាម២នាក់ ចិនម្នាក់ និងខ្មែរម្នាក់ ហើយពួកគេមិនពាក់ព័ន្ធទេ ក្រោយពីយើងកោសល្យវិច័យរួច។
សូមជម្រាបថា ជនបរទេស៤នាក់ក្នុងនោះ គេអះអាងថា មានចិន២នាក់ និងវៀតណាម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់(BLO) បានសហការឃាត់ខ្លួន ជាមួយសារធាតុម្យ៉ាង ដែលគេសង្ស័យថា សារធាតុញៀន ជាប្រភេទម្សៅ និងគ្រាប់ចំនួន៥មុខ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលបានឲ្យដឹងថា ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនទាំងនេះ ទី១. ឈ្មោះ វ៉ាង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនជាតិចិន) មានមុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តហឿប៉ី (ប្រទេសចិន) ទី.២ ឈ្មោះ ចាង ហានឈឹង ភេទប្រុស អាយុ២៣ឆ្នាំ(ជនជាតិចិន) មុខរបរលក់ផ្លែឈើមានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តអូឡានឆាវប៉ី(ប្រទេសចិន) ទី.៣ ឈ្មោះ យឿង កុកយ៉ីង ភេទប្រុស អាយុ៥០ឆ្នាំ(ជនជាតិវៀតណាម) មុខរបរលក់ដូរ និងទី.៤ ឈ្មោះហ័ន យ៉ាំងទុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ(ជនជាតិវៀតណាម) ទាំង២នាក់ មានទីលំនៅបច្ចុប្បន្នទីក្រុងហូជីមិញ(ប្រទេសវៀតណាម)៕
មតិយោបល់