បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង២៥នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តដឹកដីធុនធ្ងន់ និងរថយន្តម៉ាកលុចស៊ីសជីអេស បណ្តាលអោយមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ស្រាល ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តដឹកដីធុនធ្ងន់ ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ស៊េរីឆ្នាំ១៩៩៥ ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ 3A-0562 បើកបរដោយឈ្មោះ វណ្ណ វឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល និងរថយន្តធុនតូច ០១គ្រឿង ម៉ាកលុចស៊ីសជីអេស (LEXUS GS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-6288 បើកបរដោយឈ្មោះ ញឹក សុជាតិ ភេទប្រុស អាយុ ៤៣ ឆ្នាំ រួមដំណើរមានគ្នា០៣នាក់៖
១.ឈ្មោះ ជឹម សុធា ភេទស្រី អាយុ ៣៨ឆ្នាំ ២.ឈ្មោះ ជឹម សុខឿន ភេទស្រី អាយុ ៣៤ ឆ្នាំ និង៣.ឈ្មោះ អីវណ្ណ ជេស៊ីកាឃោ ភេទស្រី អាយុ ០៥ ឆ្នាំ ទាំង០៤នាក់ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យអ្នកបើកបររថយន្តធុនតូច រងរបួសស្រាល០១នាក់ ប្រុសនិងអ្នករួមដំណើររងបួសធ្ងន់០២ នាក់(ស្រី) ស្រាល០១នាក់(ស្រី) ខូចខាតរថយន្តធុនតូច០១គ្រឿង (ធ្ងន់) និងរថយន្តធុនធ្ងន់០១គ្រឿង (ស្រាល) ។ តាមការចុះត្រួតពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីរថយន្តដឹកដី ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះពេលដល់ចំណុចកើតហេតុ បានបត់ឆ្វេងធ្វើឱ្យរថយន្តធុនតូច ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានបត់រថយន្តកំពុងបត់ចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕

មតិយោបល់