ព័ត៌មានជាតិ

ជនសង្ស័យ១ក្រុមមានគ្នា៩នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនារីអ៊ុតសក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៦នាក់

​ព្រះសីហនុ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចលើដងផ្លូវជាតិលេខ៣ ​ស្ថិតក្នុងភូមិបឹងវែង ឃុំវាល​រេញ​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)​០១កើតឡើង បង្កដោយជន​សង្ស័យមួយក្រុមមានគ្នា០៩​នាក់ ។

តាមការរៀបរាប់របស់ជនរងគ្រោះ ជនសង្ស័យខាងលើ ជិះម៉ូតូជាក្រុមបានធ្វើសកម្ម​ភាព ​ឆក់កាបូបពីជន​រងគ្រោះ ឈ្មោះ លាង រីណា ភេទស្រី អាយុ​២៧ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ ភូមិ​ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបា​គ​ង ខេត្តសៀមរាប ខណ:ពេលជនរងគ្រោះនិងមិត្តភក្តិនាំគ្នាដើរទៅធ្វើការនៅក្បែរដងផ្លូវជាតិលេខ៣ ។​

សម្ភារ:ដែលបាត់បង់រួមមាន៖ –កាបូបយួរចំនួន០១ ។ –កាបូប ដៃ ចំនួន០១ ។ –កាតចាក់វ៉ាក់សាង់ ចំនួន០១​សន្លឹក
–អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក ។ –ប្រាក់ចំនួន ៣០០ដុល្លារនិងសម្ភារ:ផាត់មុខ០១ចំនួន ។​

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងល្បាតអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេញស្ទាក់ចាប់បានម៉ូតូចំនួន២គ្រឿង និងជនសង្ស័យចំនួន៤នាក់ ។ បន្ទាប់មកបានសហការជាមួយអធិការដ្ឋាននគរបាលក្រុងបូក​គោ ខេត្តកំពត បានធ្វើការឃាត់​ខ្លួនជនសង្ស័យបានចំនួន២នាក់ និងម៉ូតូ១គ្រឿងបន្ថែមទៀត រីឯបក្ខពួកចំនួន៣នាក់ទៀតបានកំពុងគេចខ្លួន ។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកគេបានជិះម៉ូតូមកពីខេត្តកំពតចំនួន០៥គ្រឿង មានគ្នាចំនួន០៩នាក់ មកលេងនៅខេត្តព្រះសី​ហនុ ហើយបានជិះត្រលប់ទៅខេត្តកំពត មកដល់ចំណុចខាងលើឃើញស្រ្តី២នាក់កាន់កាបូបដើរ ឃើញឱកាសល្អក៏ធ្វើសកម្មភាពឆក់យកក្នុងគោលបំណងជិះសំដៅទៅខេត្តកំពតវិញ តែត្រូវសមត្ថកិច្ចបានដេញស្ទាក់ចាប់ជាបន្តបន្ទាប់ រីឯ៣នាក់និងម៉ូតូ២គ្រឿងទៀត បានជិះរត់​គេចខ្លួនមិនដឹងទៅកន្លែងណា ។
ជនសង្ស័យចំនួន៦នាក់៖ ១.ឈ្មោះ​ ​ហ៊ាង​ លីហួ​ ភេទ​ប្រុស​ អាយុ ​១៥ ​ឆ្នាំ ​មុខរបរ​សិស្ស​ មានទីលំនៅ​ភូមិ​អូរការសា​ ឃុំ​អូរការសា​ ស្រុកទឹកឈូ​ ខេត្តកំពត (ជនដៃដល់) ។​ ២.ឈ្មោះ​ ​ធិ​ ទី ភេទប្រុស អាយុ ១៥​ ឆ្នាំ​ មុខរបរ​ មិនពិប្រាដក​ ស្នាក់នៅភូមិ​បោកត្របែក​ ឃុំត្រពាំងព្រីញ​ ស្រុកទឹកឈូ​ ខេត្តកំពត ​(សម​គំនិត​) ។​ ៣.ឈ្មោះ​ ​រស់​ សាញិ​ ភេទ​ប្រុស​ អាយុ ​១៧ ​ឆ្នាំ ​មុខរបរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​កែប​ សង្កាត់កែប​ ក្រុងកែប​ ខេត្តបែក​ (សមគំនិត) ។​ ៤.ឈ្មោះ​ ​ទេព​ បញ្ញាឧត្តម​ ភេទប្រុស​ អាយុ ​១៥ ឆ្នាំ​ មុខ​របរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​កែប​ សង្កាត់កែប​ ក្រុងកែប​ ខេត្តបែក ​(សមគំនិត) ។​ ៥.ឈ្មោះ​ ​ហុន​ រិទ្ធី​ ភេទប្រុស​ អាយុ ​១៦ ​ឆ្នាំ មុខរបរ​មិនពិតប្រាដក​ មានទីលំនៅភូមិ​ថ្មី​ ឃុំ​ថ្មី​ ស្រុកទឹកឈូ​ ខេត្តកំពត ​(សមគំនិត) ។ ៦.ឈ្មោះ​ ​ជាង​ ស៊ុន​ហុង​ ភេទប្រុស​ អាយុ ​១៦ ឆ្នាំ​ មុខរបរ​មិនពិប្រាដក​ មានទីលំនៅ​ ភូមិ​ស្នំប្រាំពី​រ ឃុំ​ម៉ាកប្រាំង​ ស្រុកទឹកឈូ​ ខេត្តកំពត ​(សមគំនិត) ។

សម្ភារ:ដែលដកហូតបានសរុប៖ –ម៉ូតូចំនួន០៣គ្រឿង ។ –ទូរស័ព្ទដៃចំនួន០៥គ្រឿង ។

បច្ចុប្បន្នករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កំពុងស្រាវជ្រាវតាមចាប់បក្ខពួក ដែលនៅសេសសល់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់