ភ្នំពេញៈ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ព្រូស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-0229 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៧ ខណៈបើកបរសុខៗ ដល់ចំណុចកើតហេតុបានរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបានកើតឡើង យោងតាមសេចក្តីរាយការណ៍ពីក្រុមភ្នាក់ងារនៃអង្គភាពសារព័ត៌មាន
Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំងកន្លែងកើតហតុផ្ទាល់ថា នៅមុនពេលកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបររថយន្តព្រូស១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AE-0229 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត១គ្រឿងនេះបានរេចង្កូតជ្រុលល្បឿនឡើងសួនពុះចែកទ្រូងផ្លូវ ។
រថយន្តបង្កហេតុខាងលើនេះ មានសភាពរងការខូចខាតនូវផ្នែកខ្លះ មានបែកកង់ និងបាក់បែកផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែកឯតៃកុងរថយន្តនោះវិញ ក៏មិនទាន់ស្គាល់នូវអត្តសញ្ញាណនោះដែរ ព្រោះអត់ឃើញវត្តមានអ្នកបើកបរនៅកន្លែងកើតហតុ សង្ស័យតែចុះរត់គេចខ្លួនបាត់ស្រមោល ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ បានចុះមកពិនិត្យនិងយករថយន្តទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់បើកបរ ចូលខ្លួនមកដោះស្រាយបញ្ហាខាងលើ ទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ តាមការបញ្ជាក់ពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំថាមិនមាន មនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តបង្កហេតុតែប៉ុណ្ណោះ ៕
មតិយោបល់