ព័ត៌មានជាតិ

មិនឃើញចេញទៅធ្វើការពីរបីថ្ងៃ ស្រាប់តែគាស់ទ្វារមើលឃើញ ដេកបែកពពុះមាត់ស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញៈ នាវេលាម៉ោង ៨នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថុល ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកាប់ដៃ ឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋក្បែរខាងបន្ទប់ជួលជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបន្ទប់បិទទ្វារ មិនមានចាក់សោទ្វារនៅខាងក្រៅនោះទេ គឺដាក់គន្លឹះទ្វារខាងក្នុងព្រមទាំងមិនឃើញជនរងគ្រោះចេញទៅធ្វើការងារពីរទៅបីថ្ងៃមកហើយ ទើបមានការសង្ស័យហើយក៏បាននាំគ្នាទៅគោះទ្វារ និងស្រែកហៅតែមិនឃើញមានការឆ្លើយតបមកវិញសោះ។ ឃើញដូច្នេះពួកគាត់ក៏បាននាំគ្នាគាស់ទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ទាំងបែកពពុះមាត់ និងមានស្នាមជាំនៅលើខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏នាំគ្នាទាក់ទងទៅអាជ្ញាធរភ្លាមៗ

ក្រោយទទួលបានដំណឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុហើយ ក៏បានទាក់ទងទៅខាងម្ចាស់ផ្ទះជួល ដើម្បីអោយមកកន្លែងកើតហេតុ និងហៅអ្នកឃើញហេតុការណ៍ខាងលើ ដើម្បីសាកសួរ និងទាក់ទងបន្តទៅផ្នែកជំនាញចក្ខុដើម្បីអោយមកធ្វើកោសល្យវិច័្ចយរកមូលហេតុ។

ក្រោយពេលកើតហេតុបន្ទាប់ពីខាងផ្នែកជំនាញចក្ខុធ្វើកោសល្យវិច័យរួចរាល់ហើយបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់