ព័ត៌មានជាតិ

នារីរូបស្រស់បើករថយន្ត ទៅយកមិត្តភក្ដិដើម្បីទៅក្លឹបរាំលេងកម្សាន្ត រវល់លើកទូរស័ព្ទ រេចង្កូតជ្រុលបុកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីនារីស្រស់ស្អាតម្នាក់បើករថយន្ត ដោយរវល់លើកទូរស័ព្ទ ក៏បណ្ដាលឲ្យរេចង្កូតជ្រុលបុកទ្រូងផ្លូវ ស្ថិតចំណុចក្បែរស្ដុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តម៉ាក លុចស៊ីស HS450h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9089 បើកបរដោយនារីស្រស់ស្អាតម្នាក់។

ដំណើររឿង៖ យោងតាមសម្ដីនារីបើកបរបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានបើករថយន្តចេញពីញ៉ាំអីនៅហាងមួយកន្លែង ហើយបំណងបើកទៅយកមិត្តភក្ដិរបស់នាង ដើម្បីទៅក្លឹបរាំលេងកម្សាន្ត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មានគេខលមកនាងក៏ចុចលើកនិយាយ បណ្ដាលឲ្យរថយន្តរេចង្កូត ជ្រុលបុកទ្រូងផ្លូវរងការខូចខាតតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្ត៕

មតិយោបល់