ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជាង២០កញ្ចប់

ភ្នំពេញ: កម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ចុះឃាត់ខ្លួនមុខសញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនសុខច្បាប់បានម្នាក់ ដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់ធំនិងតូច។

ការចុះបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៦នាទី ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការងខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែក្រោម ធ្វើការត្រួតពិនិត្យរដ្ឋបាលនៅក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ វ៉ិត ចាន់ថន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្នុងនោះដែល សមត្ថកិច្ចបន្តត្រួតពិនិត្យដកហូតបាន ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់ (ក្នុងនោះមានកញ្ចប់ធំ២,កញ្ចប់តូច២០) និងទូរសព្ទដៃចាស់១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់