ព័ត៌មានជាតិ

រថយន្តដឹកថ្មធុនធំមួយគ្រឿង បើកជ្រុលបុកបង្កាន់ដៃស្ពានរង្វង់មូលចោមចៅ បណ្តាលឲ្យខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទធុនធំមួយគ្រឿង បានបើកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសរង្វង់មូលចោមចៅ បណ្តាលឲ្យខ្ទេចរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងប្រភេទដឹកថ្ម បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះបានជ្រុលល្បឿនទៅបុកបង្កាន់ដៃស្ពានអាកាសរង្វង់មូលចោមចៅ ពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍នៅក្នុងមូលដ្ឋានបានចុះមកពិនិត្យមើល ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា មានមនុស្សរងគ្រោះថ្នាក់ដែរឬមួយក៏គ្មាននោះទេ ដោយពុំមានប្រភពបញ្ជាក់ប្រាប់ ។ ចំណែកឯតៃកុងរថយន្តបង្កហេតុនោះវិញ បានរត់ គេចខ្លួនបាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ បានយករថយន្តខាងលើចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងស្វែងរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ចទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់