ព័ត៌មានជាតិ

ករណីទំនាស់ជនដៃដល់ ប្រើកាំបិតកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

បាត់ដំបងៈ កាលពីថ្ងៃ ពុធ ៦រោចខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងផែ្នកជំនាញ ធ្វើការឃាត់ខ្លួន ជនសង័្សយចំនួន ០១នាក់ឈ្មោះ ចាន់ មុនី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវចំពោះករណីហិង្សា ដោយចេតនាបណ្តាលឱ្យរបួសជនរងគ្រោះ ។

សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧និង៤០នាទីយប់ នៅចំណុចភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយខាងលើ និងបក្ខពួកមួយចំនួនទៀត បានប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ វឿន ថាណាត ហៅ ង៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយសារ រឿងទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ផ្នែកក្បាល ហើយក្រុមជនសង័្សយបានគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ និងទទួលពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះរួចមកសមត្ថកិច្ចនគរបាលស្រុក បានផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឈានទៅធ្វើការឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកចំនួន០៣ នាក់ទៀតពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ វឿន ថាណាត បណ្ដាលឱ្យរងរបួស ពិតប្រាកដមែន ដោយសាររឿងទំនាស់ ហើយពេលនេះ សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងរកដើម្បីឃាត់ខ្លួន ៕

មតិយោបល់