ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ១យប់ ៤ផ្ទះ

ឧត្ដរមានជ័យ: បន្ទាបពីទទួលបានបណ្តឹងពីជនរងគ្រោះ ស្តីពីមានជនមិនស្គាល់មុខលួចចូលគាស់ផ្ទះយកលុយ និងទ្រព្យសម្បត្តិរបស់គាត់ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីព្រឹក អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាលលំទង ចុះស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លួស សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ដែលបានធ្វើសកម្មភាព លួចគាស់ផ្ទះរបស់ជនរងគ្រោះចំនួន ៤ផ្ទះ នៅភូមិអូរគគីកណ្តាល និងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះចូលយកលុយបាន ២ ផ្ទះ សរុបប្រាក់ខ្មែរ ៤,១១០,០០០ រៀល ប្រាក់ដុល្លារ ១០០ដុល្លារ ក្រវឹលផ្លាកទីន ១គូរ ចំណែក ២ផ្ទះទៀតយកមិនទាន់បានដោយម្ចាស់ផ្ទះភ្ញាក់ទាន់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះយកលុយ និងទ្រព្យសម្បត្តិពីជនរងគ្រោះខាងលើនេះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់