ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ រវាងរថយន្តកាមរីមួយគ្រឿង បានប៉ះទង្គិចជាមួយរថយន្តប្រភេទហុកឡមួយគ្រឿង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០ និង ៤៥ នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ បាននិយាយប្រាប់ថា មុនពេលកើតហេតុមានរថយន្តកាមរីចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង 2A-4025 ធ្វើដំណើរពីលិចទៅកើត ។ លុះមកដល់ចំណុចខាងលើក៏បានបត់ទៅខាងឆ្វេងដៃចូលផ្លូវ វត្តកែវមុន្នី ស្របពេលជាមួយគ្នាក៏មានរថយន្តមួយគ្រឿងទៀតប្រភេទហុកឡ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1714 ធ្វើដំណើរបញ្ច្រាសទិសគ្នា ជ្រុលបុករថយន្តកាមរី បណ្ដាលអោយរថយន្តហុកឡក្រឡាប់ផ្ងារជើង ឯរថយន្តកាមរីខ្ទាតទៅម្ខាងរងរបួស ធ្ងន់ម្នាក់ឈ្មោះ សាន់ សួង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាអ្នកបើកបរ រួមទាំងប្រពន្ធនិងម្នាក់ទៀតរបួសស្រាល ដោយអ្នកទាំងបីនៅភូមិកើតហេតុខាងលើ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ។
សមត្ថកិច្ចជំនាញឲ្យដឹងថា ក្រោយកើតហេតុអ្នកបើករថយន្តហុកឡរត់គេចខ្លួន ហើយកម្លាំងចរាចរណ៍បានវាស់វែងរួចយកវត្ថុតាងរថយន្តទាំងពីរ ដើម្បីបន្តនីតិវិធី ៕


មតិយោបល់