ព័ត៌មានជាតិ

​នី​សាន់ធុនធំមួយគ្រឿង បើកបុកម៉ូតូនិងរថយន្តហ៊ី​យ៉ា​ន់​ដាយ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត​

​កែបៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធ្ងន់​ ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ នៅ​ក្រុងកែប​ ខេត្ត​កែប​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃអាទិត្យ​ ១០​រោច​ ខែ​ផល្គុន​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស.​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២២​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ នៅ​ចំណុច​ទល់មុខ​ស្ថានីយ​ប្រេងឥន្ធន​:​តេ​លា​ ខាងកើត​សេះស​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៥-១៦​ ស្ថិត​នៅ​ភូមិ​កំពង់ត្រឡាច​ សង្កាត់​ ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​នី​សាន់​ ពណ៌​ស​ ស្លាក​លេខ​ ង​.៥២១៩​ ភព​២​ បើកបរ​ដោយ​ឈ្មោះ​ ឈី​ វិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ ​២១​ ឆ្នាំ​ រស់នៅ​ភូមិ​ ទទឹងថ្ងៃ​ ឃុំ​បឹង​ទូក​ ស្រុក​ទឹកឈូ ​ខេត្តកំពត​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត​ 1K8476​ ស៊េរី​ឆ្នាំ​២០១៦​ អ្នកបើកបរ​ឈ្មោះ​ ហុង​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ ​៤៦ ​ឆ្នាំ​ មុខរបរ​ កសិករ​ រស់នៅ​ភូមិ​កោះ​ផ្តៅ​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ម៉ៅ​ ញ៉េ​ប​ ភេទ​ប្រុស​ អាយុ ​៦៩ ​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុ​កំពង់ត្រាច​ ខេត្តកំពត​ ។​ បន្ទាប់​ពី​បុក​ម៉ូតូ​រួច​បាន​បន្ត​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ប្រភេទ​សណ្តោង​រ៉ឺ​ម៉ក​ ពណ៌​ទឹក​ប៊ិក​ចាស់​ ស្លាក​លេខ​ភ្នំពេញ​ 3A-2718​ (​អ្នកបើកបរ​រត់​ចោល​រថយន្ត​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ​។​

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​នី​សាន់​ស្លាប់​ និង​ អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​២​នាក់​បាន​ស្លាប់​ផង​ដែរ​ ។​

ក្រោយ​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ ។​ ម៉ូតូ​ និង​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់