ព័ត៌មានជាតិ

LX.470 ច្រឡំហ្រ្វាំងទៅជាហ្គាជ្រុលបុករ៉ឺម៉ក បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់ មិនទាន់អស់ល្បឿនជ្រុលទៅបុករបង និងខឿនថ្មទៅមុខលែងរួច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តលុចស៊ីស LX.470 បានបើកច្រឡំហ្រ្វាំងទៅជាហ្គាបណ្តាលឲ្យជ្រុលទៅបុក ម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ រួចមិនទាន់អស់ល្បឿន ក៏ទៅបុកនិងរបងបាក់អស់ជាច្រើនប្រឡោះ និងជ្រុលទៅបុកខឿនថ្ម អស់ល្បឿនទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក lexus lx 470 ស្លាកលេខភ្នំពេញ 2R-1899 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង បានច្រឡំហ្រ្វាំងទៅជាជាន់ហ្គា ក៏ជ្រុលទៅបុករ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ ដែលបើកបរដោយស្ត្រីម្នាក់ទិសដៅរពីលិចទៅកើត បណ្ដាលឲ្យរងរបួសធ្ងន់ និងមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករបង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនប្រឡោះ ធ្លុះដល់ផ្នែកខាងក្នុងទប់នឹងខឿនថ្មអស់ល្បឿន ទៅមុខលែងរួចតែម្ដង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបាននាំជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនិងម៉ូតូរ៉ឺម៉ក ត្រូវបានកម្លាំងជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះដល់ទីតាំងនិងរាយការណ៍ ទៅផ្នែកជំនាញចរាចរណ៍ជើងគោក នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការរក្សាទុករង់ចាំការដោះស្រាយ ៕

មតិយោបល់