ភ្នំពេញៈ នៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្រវឹងបើករថយន្ត Masda CX-30 មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងដើមឈើបាក់ដួលដល់ដី បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ទីតាំងកើតហេតុក្បែរសាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្តោលផ្លូវបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក Masda CX-30 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BB-3911 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុ ផ្លូវមានសភាពកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់ដួលដល់ដី តែរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកដើមលាបមួយដើម និងក្រញូងមួយដើមបាក់រលើងដួលដល់ដី រថយន្តបានក្រឡាប់ផ្ងារជើងរងការខូចខាត ។ រីឯអ្នកបើកបររថយន្តបានលូនចេញគេចខ្លួនបាត់ស្រមោល ។
នៅក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ ៕






មតិយោបល់