ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាចំនួន៥នាក់ នាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យរអិលជើងធ្លាក់លង់ស្លាប់ម្នាក់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ខណ:ដែលនាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅវត្តប្រាសាទរលំជ្រៃ ស្ថិតក្នុងភូមិថ្មី ឃុំថ្មពួក​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឈិត ណារ៉ុង អាយុ១៣ឆ្នាំ ជាសិស្សរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមការបំភ្លឺពីមិត្តភក្តិ ក្រុមក្មេងស្រីរងគ្រោះនៅមុនពេលកើតហេតុ នៅវេលាម៉ោង ១១ ពួកគេបាននាំគ្នាមកផ្ទះ ប៉ុន្តែមិនបានទៅផ្ទះភ្លាមៗនោះទេ ដោយនាំគ្នាទៅលេងនៅផ្សារគំរូថ្មី ឃុំគំរូ រួចបន្តនាំគ្នា ទៅលេងនៅវត្តប្រាសាទរលំជ្រៃ ហើយបបួលគ្នាជិះទូកលេងក្នុងស្រះ ។ ពេលនាំគ្នាចុះទៅឈរលើជណ្តើរស្រះ ដើម្បីជិះទូកក៏រអិលជើងធ្លាក់ចូលទៅក្នុងស្រះកន្លែងរណ្ដៅជ្រៅទាំងអស់គ្នា បណ្ដាលឱ្យលង់ក៏នាំគ្នាស្រវ៉ាតោងឡើងមកលើវិញ បានចំនួន០៤នាក់ តែក្មេងស្រីរងគ្រោះឈ្មោះ ឈិត ណារ៉ុង បានលិចបាត់ទៅក្នុងទឹក ពេលនោះពួកគេក៏ស្រែកហៅលោកតាៗដែលនៅក្នុងវត្តឲ្យមកជួយរាវរក ប្រហែលជា ០៥នាទីក្រោយមក ទើបប្រទះឃើញ ក្មេងស្រីរងគ្រោះបានជួយសង្គ្រោះ តែជាអកុសលនាងបានស្លាប់ទៅ ។

នគរបាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន នគរបាលនិងអាជ្ញាធរបានបង្កើតគណ:កម្មការធ្វើការត្រួតពិនិត្យ ដែលមានសមាសភាពនគរបាលជំនាញផ្នែកវិភាគកន្លែងកើតហេតុ ,លោកមេភូមិស្វាយ ,លោកប្រធានមណ្ឌលសុខភាពឃុំ ,នគរបាលប៉ុស្តិ៍ បានបញ្ជាក់ថានៅលើដងខ្លួនសព ពុំមានស្លាក​ស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះឡើយ ។ សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់