ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX330 បើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង៨និង១៣នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត LEXUS បើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណោ្តយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមរយៈក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលចុះទៅដល់ទី តាំងកន្លែងកើតហេតុ បានធ្វើសេចក្តីរាយការណ៍បញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ មេឃកំពុងតែធ្លាក់ភ្លៀងនោះ នៅតាមដងផ្លូវវេងស្រេងមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ខណៈបើកបរ បានបុកម៉ូតូ១គ្រឿងម៉ាកយ៉ៅមហា AZ ពាក់ស្លាកលេខភ្នំពេញ 1CG-0555 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ។

ចំណែករថយន្តបង្កហេតុ ឃើញសភាពការណ៍ដូច្នេះ បានបើកបន្ថែមល្បឿនបន្តទៅមុខ ចេញពីកន្លែងកើតហេតុយ៉ាងលឿនដើម្បីគេច ខ្លួនឆ្ពោះទៅទិសខាងកើត ។ រីឯជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ជនរងគ្រោះ ក្រុមការងារយើងខ្ញុំមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ។ ដោយឡែកម៉ូតូជនរងគ្រោះនោះវិញ បានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ដើម្បីយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ និងស្វែងរកចាប់ខ្លួនជនបង្កហេតុ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់