ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កុមារី០២នាក់ ក្នុង០៨នាក់ ដែលនាំគ្នាទៅលេងទឹកស្ទឹង បានលង់ទឹកស្លាប់ នៅចំណុចរណ្ដៅបូមខ្សាច់ស្ទឹងអង់ជំទឺត ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៥ និង ៣០នាទី ថ្ងៃអង្គារ៍ ទី២៩ ខែមីនា ឆ្នាំ២០២២ ។
យោងកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ព្រុំ ស្រីណា ភេទស្រីអាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ០០នាទី ពួកខ្ញុំមានគ្នា ៨នាក់ក្នុងចំនោមនោះក៏មានឈ្មោះ ជា ពល្លីកា នឹងឈ្មោះ ឆេង គឹមឌី ផងដែរបានបបួលគ្នាមកលេងទឹកស្ទឹងខ្ញុំនឹងបងៗ ៣នាក់ទៀតបាននាំគ្នាហែលឆ្លងពីត្រើយខាងលិច ទៅត្រើយខាងកើតដើម្បីទៅយកពុយមកជិះលេងពេលនោះ ក៏បាត់ឈ្មោះ ជា ពល្លិកា នឹងឈ្មោះ ឆេង គឹមឌី ទៅហើយភ្លាមនោះខ្ញុំបានស្រែកហៅឲ្យពូដែលនៅក្បែរនោះ មកជួយរាវរកនិងស្រង់ឡើងគោកតែពួកគាត់ទាំងពីរបានស្លាប់បាត់ហើយ។
យោងកំណត់ហេតុបំភ្លឺរបស់ឈ្មោះ គូវ អ៊ិច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង ០០នាទី មានឈ្មោះ ពូ វឿន បានជិះម៉ូតូមកប្រាប់ថា មានក្មេងលង់ទឹកនៅកន្លែងបូមខ្សាច់ ពេលនោះខ្លួនក៏បានជិះម៉ូតូទៅជាមួយគាត់ពេលទៅដល់ឈ្មោះ គូវ អ៊ិច បានចុះទឹករាវរក៏ឃើញសពក្មេងស្រី ២នាក់នៅចម្ងាយពីគ្នា ៣ម៉ែត្របន្ទាប់ក៏ស្រង់សពឡើងគោកតែម្ដង ។
លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់បញ្ជាក់ឲ្យដឹងថាយោងតាមបំភ្លឺរយៈកាលកន្លងមកជនរងគ្រោះតែងតែនាំគ្នាមកលេងទឹកស្ទឹង ទើបដល់ថ្ងៃកើតហេតុបណ្តាលលង់ស្លាប់តែម្តង ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ ឆេង គឹមឌី ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ឪពុកឈ្មោះ ឆេង គា អាយុ ៥៣ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ ព្រុំ សារ៉េត អាយុ ៤៧ឆ្នាំ មុខរបរកសិករ ទី២ឈ្មោះ ជា ពល្លីកា ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ឪពុកឈ្មោះ សែម សារិន អាយុ ៥៥ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ ហ៊ុយ គន្ធា អាយុ ៥៣ឆ្នាំ មុខរបរកសិករ ទាំងពីរមានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។ លោកអធិការរង បានបញ្ជាក់បន្តថា តាមការពិនិត្យកន្លែងកើតហេតុ និងការធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះរបស់ក្រុមគ្រូពេទ្យខេត្ត និងមន្ត្រីការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ ផ្នែកពិនិត្យវិភាគនៃអធិការដ្ឋានគរបាលស្រុកក្រគរ សហការជាមួយប៉ុស្តិ៍នគររដ្ឋបាលត្នោតជុំ បានសន្និដ្ឋាន សាកសពឈ្មោះ ជា ពល្លីកា នឹងឈ្មោះឆេង គឹមឌី ពុំពាក់ព័ន្ធករណីឃាតកម្មទេ ជនរងគ្រោះទាំងពីរ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច រៀបចំនិតិវិធី និងប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់៕
មតិយោបល់