(Reuters) - កាលពីថ្ងៃពុធ ការតវ៉ាប្រឆាំងបានផ្ទុះឡើងយ៉ាងខ្លាំងនៅរដ្ឋធានីក្នុងប្រទេសហៃទី ដោយសារតែការខ្វះខាតប្រេងសាំងដែលបានបន្ថែមការព្រួយបារម្ភចំពោះអសន្តិសុខ ហើយនគរបាលបានប្រកាសចាប់ខ្លួនជនសង្ស័យថ្មីមួយសប្តាហ៍បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise ដែលជំរុញឲ្យប្រទេស ស្ថិតនៅតំបន់ Caribbean មួយនេះដែល មានវិបត្តិរួចទៅហើយ បានធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ។
ស្ថានីយ៍ប្រេងឥន្ធនៈស្ទើរតែទាំងអស់នៅក្នុងទីក្រុង Port-au-Prince ត្រូវបានបិទ និងមានអ្នកតម្រង់ជួរ ដ៏វែងអន្លាយដើម្បីទិញប្រេងនៅមុខស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនតូចដែលកំពុងដំណើរការ ដោយអ្នកស្រុកបានស្តីបន្ទោសក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងផ្លូវផ្គត់ផ្គង់សំខាន់ៗជាច្រើន និងអ្នកលក់ប្រេងឱកាសនិយមនៅទីផ្សារងងឹតមួយចំនួនដែលធ្វើឲ្យស្ទះដំណើរការចែកចាយប្រេងចូលទៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសហៃទី។
ក្រុមអ្នកតវ៉ាប្រឆាំងមួយចំនួនបានដុតកង់ឡាននៅកណ្តាលផ្លូវក្រាលគ្រួស ដែលផ្លូវនោះមានភាពស្ងាត់ស្ងៀមខុសពីធម្មតា បន្ទាប់ពីការធ្វើឃាតរបស់លោក Moise នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា។
លោក Moise ត្រូវបានបាញ់សម្លាប់នៅផ្ទះរបស់លោក ហើយអ្វីដែលអាជ្ញាធរហៃទីពិពណ៌នាថា ការធ្វើឃាតនេះមានលក្ខណៈជាក្រុម រួមទាំងជនជាតិកូឡុំប៊ីចំនួន ២៦នាក់ និងជនជាតិអាមេរិកាំងដើមកំណើតហៃទី ពីរនាក់។ នគរបាលហៃទីបាននិយាយថា ជនជាតិកូឡុំប៊ី ១៨នាក់ ត្រូវបានឃុំខ្លួន និងចំនួន បីនាក់ ត្រូវបានសម្លាប់ដោយនគរបាល រួមទាំងចំនួន ប្រាំនាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។
កាលពីថ្ងៃអាទិត្យ ជនជាតិអាមេរិកាំងដើមកំណើតហៃទីទីបី ឈ្មោះ Christian Emmanuel Sanon ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហៃទី និងបានចោទប្រកាន់រូបលោកថា ជាមេក្លោងនៃការវាយធ្វើឃាតនេះ។
កាលពីថ្ងៃពុធ នគរបាលហៃទីបានប្រកាសថា ក្រុមនគរបាលបានចាប់ខ្លួនបុរសពីរនាក់ ទៀតបន្ទាប់ពីបានឆែកឆេរផ្ទះរបស់ពួកគេ និងបានរកឃើញអាវុធ ៕
មតិយោបល់