ព័ត៌មានជាតិ

បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក១៧នាក់ ពាក់ព័ន្ធករណីបង្កអសន្តិសុខតាមផ្លូវសាធារណៈ

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងទំនើង០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១៧នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក តាលោសែនជ័យ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន ក្រោយបង្កការអុកឡុក បណ្តាលឲ្យអសន្តិសុខ នៅតាមដងផ្លូវសាធារណៈ នៅចំណុចខាងលិចសាលាវិទ្យាល័យហ៊ុនសែន បាក់ចិញ្ចៀន ឆ្ពោះមកភូមិតាសាស់ ឃុំផ្ទះរុង កាលពីវេលាម៉ោង ១៥និង០៥នាទី ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុក តាលោសែនជ័យ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានតាមរយៈទូរស័ព្ទពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ថាមានក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ១៥នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ដោយមានកាន់កាំបិត និងដំបងតាមផ្លូវសាធារណៈនៅចំណុចខាងលើ លោកបានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន០៤នាក់ សហការជាមួយកម្លាំងអធិការចំនួន០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សំ គ្រៀន ឋានៈនាយប៉ុស្តិ៍ផ្ទះរុងស្ដីទី បានចុះអន្តរាគមន៍ ស្ទាក់តាមផ្លូវដល់ចំណុចប្រឡាយថ្នល់ទទឹង ស្ថិតនៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានឃាត់ម៉ូតូមួយគ្រឿង និងជនសង្ស័យ០៣នាក់៖

ទី១-ឈ្មោះ ឈិន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ទី២-ឈ្មោះ ផាត សុផែន ភេទប្រុស អាយុ ២៤ឆ្នាំ និងទី៣-ឈ្មោះ ស៊ីវិសាល ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ថែមទាំងដកហូតវត្ថុតាងរួមមាន៖
កូនពូថៅដងដែកចំនួន ០១, កាំបិតផ្គាក់ចំនួន ០១, ជំពុះទង់ចំនួន០១ និងម៉ូតូចំនួន ០២ គ្រឿង៖ ទី១-ម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ និងទី២-ម៉ូតូម៉ាកហុងដា ទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1B-6019 រីឯបក្ខពួករបស់ជនសង្ស័យខាងលើ បានជិះម៉ូតូរត់គេចខ្លួនអស់ ។

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកកាន់អធិការស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្ត ។ ក្រោយពីការសួរនាំជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពការពិតប្រាប់សមត្ថកិច្ចថា ខ្លួនមានបក្ខពួកចំនួន១៧នាក់ បានណាត់គ្នាតាមទូរស័ព្ទជាមួយសិស្សសាលាវិទ្យាល័យឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ធ្វើសកម្មភាពកាប់គ្នា នៅតាមដងផ្លូវជាញឹកញាប់ ដោយបក្ខពួកខ្លះធ្លាប់បានត្រូវសមត្ថកិច្ច ធ្វើការអប់រំមួយលើករណីបង្ករបួសស្នាម ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់នូវសារធាតុញៀន សមត្ថកិច្ចបានធ្វើតេស្តជនសង្ស័យទាំង០៣នាក់ ជាលទ្ធផលអវិជ្ជមាន ។
ចំពោះជនសង្ស័យទាំងបី ត្រូវបានសមត្ថកិច្ចឃាតខ្លួនជាបណ្តោះអាសន្ន តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការស្រាវជ្រាវសួរនាំបន្ត និងបំពេញនីតិវិធីតាមច្បាប់ ៕

មតិយោបល់