ព័ត៌មានជាតិ

Lexus470 បុកជាមួយ RX400h រួចរេចង្កូតទៅបុកផ្ទប់បង្គោលភ្លើង រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត ២គ្រឿងបើកបុកគ្នា ត្រង់ផ្លូវបំបែកជាបួន មានមួយគ្រឿងរេចង្កូតទៅបុកផ្ទប់បង្គោលភ្លើង រងខូចខាតខ្ទេចមុខ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមផ្លូវបេតុងបែកជាបួន ក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តម៉ាក Lexus RX400h មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AI-9927 បើកដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង ដល់ផ្លូវបែកជាបួនបានបុកជាមួយភាគីរថយន្ត ម៉ាកឡិចស៊ីស LX-470 ពណ៌ត្រេអ៊ីមួយគ្រឿងបើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្ត400h បានជ្រុលទៅបុកផ្ទប់បង្គោលភ្លើង រងខូចខាតខ្ទេចមុខ ដាច់កង់មុខខាងឆ្វេង ចំណែករថយន្ត៤៧០ ខ្ទេចផ្នែកខាងមុខ ដាច់កាងធ្លាក់តែម្តង។

ក្រោយកើតហេតុភាគីសងខាងនិយាយសម្របសម្រួលគ្នាមិនត្រូវ ទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់