បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចវាលស្រែស្ថិតនៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិរន្ទះបាញ់កើតឡើងបណ្តាលឲ្យស្លាប់មនុស្ស០១នាក់និងរងរបួសចំនួន០៣នាក់។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំង៤នាក់បានទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើពេលមេឃកំពុងភ្លៀងខ្លាំងនិងមានផ្គររន្ទះបណ្តាលឲ្យត្រូវពួកគេតែម្តង។
ជនរងគ្រោះទី១.ឈ្មោះយ៉ុង អួយ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានស្លាប់នៅនឹងចំណុចកើតហេតុខាងលើ ២.ឈ្មោះសេង ស្រីមុច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាសន្លប់បាត់ស្មារតី៣.ឈ្មោះសៅ ប៉ាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសត្រូវជើងទាំងពីរនិងទី៤.ឈ្មោះហឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។
ក្រោយកើតហេតុកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងដឹកបញ្ជូនអ្នករងរបួស០៣នាក់ខាងលើនេះទៅកាន់មន្ទីរពេទ្យបង្អែកបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់។ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់