ព័ត៌មានជាតិ

មន្ត្រីនគរបាលការពារព្រំដែនទឹកម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅខេត្តកែប

កែប: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយបានទទួលព័ត៌មាន ពាក់ព័ន្ធមានមនុស្សដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង នៅចំណុចខាងកើតផ្សារកែប ក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។ ភ្លាមនោះកម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយក្រុមគ្រូពេទ្យខេត្ត បានចុះទៅកន្លែងកើតហេតុ ពិនិត្យ ដោយធ្វើកោសល្យវិច័យ ជាលទ្ធផលសន្និដ្ឋានបានថា សពខាងលើមានឈ្មោះ ទួន រដ្ឋា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជានគរបាលជាតិ បម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ បានស្លាប់ដោយសារគាំងបេះដូង និងបានស្លាប់មុននេះរយ:ពេលប្រមាណជាង ១២ម៉ោងមកហើយ។ តាមប្រភពផ្សេងទៀតបានបញ្ជាក់ថា ជនរងគ្រោះខាងលើ គឺគាត់មានជំងឺបេះដូងប្រចាំកាយផងដែរ។

ក្រោយធ្វើកោសល្យវិច័យរួចរាល់ អនុវត្តតាមការណែនាំនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត និងលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកែប នគរបាលការិយាល័យជំនាញ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ៕

មតិយោបល់