ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ត MAZDA វ៉ាជែងជ្រុលបុកនិងបោកផ្ទប់ឡានពីរគ្រឿង បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីម្នាក់បើករថយន្ត Mazda មួយគ្រឿង ក្នុងល្បឿនលឿន វ៉ាជែងរេចង្កូតទៅបុករថយន្តស្ទូច រួចបោកផ្ទប់ទៅលើរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរស្របគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ ទល់មុខផ្សារទំនើបអ៊ីអន២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស្ទូចធុនធំ មួយគ្រឿង ពាក់ស្លាកលេខតាកែវ 3A-2870 បើកបរតាមបណ្តោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ឃើញនារី២នាក់បើករថយន្ត Mazda ពណ៌ស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY-2955 បើកបរតាមបណ្តោយផ្លូវ១០០៣ បញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន បើកវ៉ាជែងរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង បើកស្របគ្នាបួងចង្កូតជ្រុលទៅបុករថយន្ត ស្ទួចពេញទំហឹង ទៅបោកផ្ទប់និងរថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យរថយន្ត Mazda រងការខូចខាតស្ទើទាំងស្រុង និងនារី២នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកទៅសង្រ្គោះ ។ ចំណែករថយន្តស្ទូចត្រូវសមត្ថកិច្ចឃាត់ ដោយឡែករថយន្តក្រឡុកស៊ីម៉ងត៍ បានបើកបន្តទៅមុខគេចខ្លួន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់