ភ្នំពេញៈ រថយន្តដឹកសម្ភារៈបុកគ្រឹះ១គ្រឿង បើកលឿនគួរសមនៅទីប្រជុំជនហើយបានកិនបុរសអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យខ្ទេចដៃម្ខាងត្រឹមស្មា ខណៈពេលដែលបុរសរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងបានប៉ះដៃចង្កូតគ្នាជាមួយម៉ូតូមិនស្គាល់ម៉ាក១គ្រឿងទៀតបណ្ដាលឲ្យដួលក៏ត្រូវបានរថយន្តខាងលើដែលកំពុងបើកបរដោយក្មេងស្ទាវ លឿនផងកិនតែម្ដង។
ករណីគ្រោះថ្នក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
រថយន្តដែលបើកកិនមនុស្សខ្ទេចដៃនោះម៉ាកហ៊ីយ៉ាន់ដាយពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8074 បើកបរដោយជនស្ទាវម្នាក់ឈ្មោះ ព្រីង ឈុយ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិចាន់ខ្នា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសាគី Address ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-1507។
មុនពេលកើតហេតុរថយន្តបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា ជាមួយម៉ូតូ១គ្រឿងផ្សេងទៀត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើម៉ូតូជនរងគ្រោះនិងម៉ូតូមិនស្គាល់ម៉ាកដែលបើកស្របគ្នានោះបានប៉ះដៃចង្កូតគ្នាបណ្ដាលដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រងយន្តកិនខ្ទេចដៃម្ខាងត្រឹមស្មាតែម្ដង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនរួមជាមួយព្រូផងដែរ រួចបាននាំទៅសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្តទៀត៕
https://youtu.be/15Tk0p2GDK8
មតិយោបល់