ភ្នំពេញៈ នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មានករណីរថយន្ត FORDRANGER មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ឡើងខឿនបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ១០០៣កែង និងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក FORDRANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BR-6879 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុសង្ស័យ អ្នកបើកបររថយន្តស្រវឹងបានបើករេចង្កូតទៅខាងស្ដាំទៅឡើងខឿនតាមចិញ្ចើមផ្លូវ និងជ្រុលបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់អស់មួយបង្គោល ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បានបន្តជ្រុលទៅបុកផ្ទុបជាមួយរបងផ្ទះវីឡា បណ្ដាលឲ្យរថយន្តរងការខូចខាតក្រពឹត និងបែកកង់ខាងមុខចំហៀងខាងឆ្វេង។ ចំណែកឯរបងផ្ទះវីឡាមិនមានរងការខូចខាតអ្វីនោះទេ បន្ទាប់មកអ្នកបើកបររថយន្តបង្ក ក៏បានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។ មួយស្ទុះក្រោយក៏មានបុរសពីរទៅបីនាក់ បានចុះមកធ្វើការដោះយកស្លាកលេខរថយន្តបង្កចេញពីរថយន្ដ និងបានទៅនិយាយចរចាគ្នាជាមួយសមត្ថកិច្ចមូលដ្ឋានដែលបានចុះមកធ្វើការអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានអនុញ្ញាតឲ្យតំណាងរថយន្តបង្ក ធ្វើការស្ទូចរថយន្តបង្កយកចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានអះអាងថា រថយន្តនេះមិនបានបង្កឲ្យមានការខូចខាតអ្វីនោះទេ៕
មតិយោបល់