(ប៉ារីស)៖ ប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាខ្លួននឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីប្រទេស ជាផ្នែកមួយនៃការចូលរួម ជាមួយបណ្ដាប្រទេសអឺរ៉ុបដទៃទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការសម្រេចចិត្តខាងលើរបស់បារាំង ធ្វើឡើងជាការបង្ហាញសាមគ្គីភាពជាមួយបណ្ដាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដែលបាន បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ចាប់តាំងពីមូស្គូប្រើកម្លាំងយោធាអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសបារាំងបានបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តនៅល្ងាចនេះ (ថ្ងៃចន្ទ) ថានឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ីមួយចំនួនចេញពីប្រទេស ដោយសារតែសកម្មភាពរបស់ពួកគេបានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់យើង»។ ដោយឡែក បើតាមមន្ត្រីមួយរូបនៃក្រសួងការបរទេសបារាំង បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមន្ត្រីទូតរុស្ស៊ី ៣៥នាក់នឹងត្រូវបាន បណ្ដេញចេញពីប្រទេស៕
ប្រភព៖ AFP
មតិយោបល់