ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តក្នុងល្បឿនលឿន ជ្រុលបុកដើមស្វាយនិងបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ស្រវឹងបើករថយន្ត ហាយឡាក់រីវ៉ូ មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកដើមស្វាយមួយដើម និងបង្គោលភ្លើងមួយដើម បាក់ដាច់ពីគល់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ទីតាំងនៅក្បែរស្ថានីយប្រេងឥន្ធន:កាល់តិច តាមបណ្ដោយផ្លូវ១៩៥០ កែងនឹងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-9955 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៥០ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តជ្រុលចង្កូតទៅខាងឆ្វេង រួចបានទៅបុកដើមស្វាយមួយដើម ដែលនៅតាមចិញ្ចើមផ្លូវ បណ្តាលបាក់ដាច់ចេញពីគល់ រថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកបង្គោលភ្លើងមួយដើម បណ្តាលបាក់រងការខូចខាត ចំណែករថយន្តបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់