ព័ត៌មានជាតិ

រថយន្តសាំយ៉ុងនិងម៉ូតូកង់បី បុកគ្នានៅចំណុចស្តុបផ្លូវបែកជាបួន បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក សាំយ៉ុងមួយគ្រឿង បើកបរបុកម៉ូតូ PASSAPP មួយគ្រឿង បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ហេតុការណ៍នេះ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ជាភ្ញៀវរងរបួស ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចស្តុបផ្លូវបែកជាបួន ផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមរយ:ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែល បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើសេចក្តីអត្ថាធិប្បាយជុំវិញករណីមួយនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេល កើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ ។ លុះពេលធ្វើដំណើរមក ដល់ត្រង់ចំណុចកើតហេតុ កន្លែងស្តុបផ្លូវបែកជាបួន ស្របពេលនោះក៏មានម៉ូតូកង់បីមួយគ្រឿងទៀត ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុនេះដែរ ស្រាប់តែបុកគ្នាបណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ជាភ្ញៀវខាងម៉ូតូកង់បីរងរបួស ។

នៅក្រោយពេលកើតហេតុ គេឃើញវត្តមានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះមកអន្តរាគ មន៍ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា នៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ។ ប៉ុន្តែករណីមួយនេះ បើភាគីទាំងពីរធ្វើការចរចាគ្នាមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿងទៅរក្សា ទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ នៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយពិតប្រាកដយ៉ាងណានោះទេ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

Post News ជាអង្គភាពសារព័ត៌មានមួយប្រកបដោយវិជ្ជាជីវ: ផ្សព្វផ្សាយតែដំណឹងពិត ដែលធ្វើឲ្យលោកអ្នកជឿនិងទុកចិត្តជាទីបំផុត!!! ៕

មតិយោបល់