ព័ត៌មានជាតិ

តៃកុងងងុយដេកជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ២នាក់

តាកែវ: នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៩៤-៩៥ រវាងរថយន្ត និងរថយន្ត បញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិប្រសុង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរ ២នាក់ឈ្មោះ ចិន ហ៊ាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករលើកមាន់ រស់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹកស្រុកទ្រាំង ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរទី២ ឈ្មោះ ស ឆាត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករលើកមាន់ រស់នៅភូមិក្រោម សង្កាត់ចុងឃ្នាស់ ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែងកើតហេតុ) រថយន្តនេះបើកបរមកពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1188 បណ្ដាលឲ្យអ្នកបើកបររថយន្តឈ្មោះ វ៉ាន់ វ៉ាន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្តរស់នៅភូមិតារោង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ និងអ្នករួមដំណើរឈ្មោះ ថាវ ស្រីឡែន អាយុ ២៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវទាំងពីរនាក់។

មូលហេតុ៖ អ្នកបើកបររថយន្តងងុយដេក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់