ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងម៉ាក HONDA Dream ជ្រុលចង្កូតបុករថយន្ដ បណ្ដាលអោយស្រ្តី២នាក់ដួលរងរបួសធ្ងន់

កណ្ដាល: នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ វេលាម៉ោង៥និង៣៤នាទី នៅចំណុចភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវជាតិលេខ០៥ ចន្លោះគីទ្បូម៉ែត្រ ៣២-៣៣ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2B-4480 បើកបរក្នុងទិសដៅពីជើងទៅត្បូង កំពង់ឆ្នាំង-ភ្នំពេញ ។ អ្នកបើកបរឈ្មោះ គួន ភារុំ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឃាត់ខ្លួន ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA Dream ធុនC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-5781 ។
បើកបរដោយឈ្មោះ បាន គន្ធា ភេទស្រី អាយុ ២០ ឆ្នាំ មានទីលំនៅភូមិសំរោង ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
អ្នករួមដំណើរឈ្មោះ ឆេង ឆៃលី ភេទស្រី អាយុ ៣០ ឆ្នាំ ទីលំនៅភូមិ-ឃុំ-ជាមួយគ្នា ពាក់មួកសុវត្ថិភាពទាំងពីរនាក់
បើកបរទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា បានជ្រុលចង្កូតទៅបុករថយន្ដចំចំហៀងខាងឆ្វេងរថយន្ត បណ្ដាលឲ្យដួលរងរបួសធ្ងន់ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរតែម្តង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងផ្នែកជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះ ដឹកអ្នករងរបួសបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្នំពេញ ។ រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ។

សេចក្តីសន្និដ្ឋាន៖ ករណីខាងលើនេះបណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន (វ៉ាជែងមិនបានពិនិត្យស្ថានភាព ឧបសគ្គនៅខាងមុខឲ្យបានច្បាស់លាស់) ៕

មតិយោបល់