ខេត្តសៀមរាប៖យ៉ាងហោចណាស់ក៏មានកូនត្រីឆ្តោរាប់ម៉ឺនក្បាលដែលឈ្មួញដុះស្លែធំម្នាក់ទើបនឹងចាប់មកចិញ្ចឹមឡើងវិញ នៅគ្រាដែលសមត្ថកិច្ចចំរុះធ្លាប់ហាមឃាត់ជាច្រើនដង ប៉ុន្តែករណីនេះគេនៅតែសង្កេតឃើញ មានសកម្មភាពធំធេងលើសដើម ទំនងជាសមត្ថកិច្ចមួយចំនួនត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធជាក់ជាមិនខានក្នុងក្រុងសៀមរាប។ ទីតាំងស្រះចិញ្ចឹមកូនត្រីឆ្តោដ៏ធំសម្បើមនេះមានចំនួន៦ស្រះ មានទំហំដីប្រមាណជា១ហិចតាដែលជាកម្មសិទ្ធរបស់ឈ្មួញសំបូរខ្លាញ់ម្នាក់ឈ្មោះ ង្វៀង យ៉ាំងវ៉ើក ជាជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមសេចក្ដីរាយការណ៍ពីតំបន់មាត់ទឹកបឹងទន្លេសាបបានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់បានសំរុកប្រមូល ទិញត្រីពីការនេសាទ រាប់សិប តោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ផ្គង់ដល់កូនត្រីឆ្ដោរបស់គេឲ្យឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹកសន្ធាប់អស់ មួយចំនួន ជូនថ្នាក់លើយ៉ាងណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះមិនបង់ខាតនោះទេ ព្រោះករណីចិញ្ចឹមត្រីមិនត្រូវបាន សមត្ថកិច្ចណាម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់តែឲ្យជាកាដូធំមួយឲ្យពួកគេ ក៏ត្រឡប់ទៅវិញបាត់អស់។
សេចក្ដីរាយការណ៍ដដែលបានបន្ដឲ្យដឹងទៀតថា គេតែងតែនិយមចិញ្ចឹមត្រីឆ្ដោដែលទទួលបានផលច្រើន គឺនៅសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ឃ្លាំង ឃុំអន្លង់សំណរ គេចិញ្ចឹមដាក់បែរ ឬដាក់ក្រោមផ្ទះ បណ្ដែតទឹក ។ចំណែកនៅសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ គេចិញ្ចឹមតាមរបៀបជីកស្រះធំៗដាក់កូនត្រីរាប់សិបម៉ឺនក្បាល ដោយយកត្រីមកពីធ្វើនេសាទជាចំណី ដល់កូនត្រីឆ្តោដើម្បីឲ្យឆាប់ធំធាត់ ។
ប្រភពពីប្រជាពលរដ្ឋធ្លាប់ចិញ្ចឹមត្រីនោះបាននិយាយថា សំរាប់ពួកគាត់ក្រីក្រមិនអាចមានលទ្ធភាពចិញ្ចឹមត្រីឆ្ដោបានទេ ព្រោះអី ណាមួយរកលុយសំរាប់ទិញចំណីត្រី ហើយរកលុយបង់ឲ្យសមត្ថកិច្ច ទើបអាចបន្ដរករបរនេះបាន បើមិនដូច្នេះទេប្រាកដជាត្រូវ គេចាប់ចងអស់ជាមិនខាន ។ប្រភពដដែលបានបន្ដឲ្យដឹងទៀតថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោខ្នាតធំៗនៅសៀមរាបភាគច្រើនជាជនជាតិវៀតណាម ដែលមកប្រកបរបរនេះជាយូរយាណាស់មកហើយ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេនៅព្រឹកថ្ងៃទី២៨ខែតុលានេះដោយហៅទូរស័ព្ទទៅលោកជាច្រើនដងតែគ្មានអ្នកលើក។ ចំណែកលោក លឿន សេង ហួរ នាយសង្កាត់រដ្ឋបាលជលផលផ្សារលើបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៨ខែតុលានេះថា ករណីការចិញ្ចឹមកូនត្រីឆ្តោនេះកម្លាំងចំរុះដែលដឹកនាំដោយលោកអភិបាលក្រុងស្តីទីបានចុះទៅត្រួតពិនិត្យជាក់ស្តែង មានចំនួន៧ស្រះនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ហើយលោក
អភិបាលក្រុងបានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្តដើម្បីសុំចំណាត់ការបន្ត។ លោកបន្តថាកម្លាំងជំនាញរបស់លោក និងបន្តផ្សព្វផ្សាយពីផ្លូវច្បាប់ឲ្យបានដឹងបន្ថែមទៀត រីឯការបង្ក្រាបយ៉ាងណានោះគឺរង់ចាំថ្នាក់លើជាអ្នកបញ្ជាមកប៉ុណ្ណោះ។លោកបន្តទៀតថា ករណីដែលលើកឡើងថា មានជំនាញមួយចំនួនទទួលសំណូកពីអ្នកចិញ្ចឹមត្រីឆ្តោនោះ លោកបានធ្វើការបដិសេធ ដោយលោកលើកឡើងថា មានក្រុមចំរុះកំពុងតាមដាន ដូច្នេះលោកមិនហ៊ាននោះទេ។
ទាក់ទិននឹងករណីខាងលើនេះដែរ លោកវរៈសេនីយ៍ត្រី ម៉េង សំណាង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ការចុះពិនិត្យបទល្មើសគ្រប់កន្លែងដែលមានចិញ្ចឹមត្រីឆ្តោនេះគឺលោកធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ ដែលមានបេសកកម្មត្រឹមត្រូវ ប៉ុន្តែការចុះរបស់លោកបែជាមានសមត្ថកិច្ចមួយចំនួនមិនព្រមចូលរួមសហការ ។
លោកបន្តថា ព្រោះតែហេតុនេះហើយកម្លាំងរបស់លោកបានបង្ខំចិត្តចាកចេញពីទីតាំងបទល្មើស ស្រះចិញ្ចឹមត្រីឆ្តោនៅភូមិថ្មី សង្កាត់ស្វាយដង្គំ តែម្តង ប៉ុន្តែករណីនេះ លោកបានរាយការណ៍ទៅថ្នាក់លើរួចរាល់ហើយ ដើម្បីសុំគោលការបន្ថែមទៀត។គួរបញ្ជាក់ផងដែរថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ពីបទ ល្មើសនេសាទយ៉ាងខ្លាំងដោយជំរុញ ឲ្យស្ថាប័នពាក់ព័ន្ធនានានៅ តាមបណ្ដាខេត្តដែលមាន លោកអភិបាលខេត្តនីមួយៗជាប្រធានប្រតិបត្តិការបង្ក្រាប ត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់បទល្មើស នេសាទនិងបង្ក្រាប រាល់ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ឲ្យខានតែបាន ធ្វើយ៉ាងណាឲ្យ ផល ត្រី ក្នុងបឹងទន្លេសាបគង់វង្ស បានច្រើនអាចទប់ទល់ ទៅនឹងតំរូវការហូប ចុករបស់ ប្រជាពល រដ្ឋបានថែមទៀត ។ផ្ទុយទៅវិញបើសង្កេតមើលនៅឯខេត្តសៀមរាបវិញបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនត្រូវបានមន្ដ្រីពាក់ព័ន្ធមួយចំនួន យកមកអនុវត្តនោះទេ ជាក់ស្ដែងស្រះចិញ្ចឹមត្រីដុះ ស្លែនៅសង្កាត់សៀមរាបត្រូវបានក្រុមឈ្មួញនាំគ្នាចិញ្ចឹមត្រីឆ្ដោយ៉ាងរំភើយជារៀង រាល់ឆ្នាំ ។
សូមរំលឹកផងដែរថា ការបង្កើតគណៈកម្មាការទប់ស្កាត់បទល្មើសនេសាទនៅខេត្តសៀមរាប ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្វើឡើងដោយមានការចូលរួមពីសំណាក់ជំនាញជលផល,បរិស្ថាន,ប៉ូលិស,ប៉េអឹម,អាជ្ញាធរភូមិ ,ឃុំ ,ស្រុក ,ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាលខេត្ត ដើម្បីចុះអនុវត្តន៍ទប់ស្កាត់បទល្មើសនេសាទឲ្យកាន់តែប្រសើរឡើង ដើម្បីឲ្យផលត្រីកើតមានច្រើនជាងឆ្នាំមុនទៅទៀត ប៉ុន្តែនៅតែមានជនឆ្លៀតឪកាសទៅទទួលសំណូកពីបទល្មើសនេសាទធ្វើឲ្យពួកឈ្មួញរឹតតែបន្តធ្វើសកម្មភាពបទល្មើសនេសាទកាន់តែខ្លាំងក្លាឡើងក្នុងខេត្តសៀមរាប៕
មតិយោបល់