ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃអង្គារទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៦និង១៥នាទីល្ងាច ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយបានជេរប្រមាថប្រពន្ធ និងយកកាំបិតចែត មកគំរាមរកកាប់សម្លាប់ ទៅលើប្រពន្ធរបស់ខ្លួន នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្ដឹងពីឈ្មោះ កេន សារ៉ាន់ ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ (កសិករ) រស់នៅភូមិកើតហេតុខាងលើ បានប្តឹងទៅលើប្តីរបស់ខ្លួនឈ្មោះ ឡុញ ទឿម ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ (កសិករ) រស់នៅជាមួយគ្នា ដែលជនសង្ស័យជាប្ដី បានជេរប្រមាថនិងយកកាំបិតចែត មកគំរាមរកកាប់សម្លាប់ទៅលើខ្លួន កាលនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង៥និង៣៥ នាទីល្ងាច ។
ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានសហការជាមួយកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដឹកនាំដោយ លោកអនុសេនីយ៍ទោ មិត្ត ច័ន្ទសារី នាយរងប៉ុស្តិ៍នគរបាលរដ្ឋផ្ទះរុង បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យនិងស្រាវជ្រាវសួរនាំ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុញ ទឿម និង ដកហូតវត្ថុតាង (កាំបិតចែត១) បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីសួរនាំតាមនីតិវិធី។
តាមរបាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យប្រើអំពើហិង្សា ទៅប្រពន្ធរបស់ខ្លួន គឺដោយសារស្រវឹងស្រា ។ តាមបណ្ដឹងរបស់ជនរងគ្រោះជាប្រពន្ធគឺ សូមឱ្យសមត្ថកិច្ចជួយធ្វើការអប់រំលើកទី១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ។ ក្រោយពីការអប់រំប្រពន្ធនិងក្រុមគ្រួសារសាច់ញាតិ បានធ្វើលិខិតធានាយកទៅផ្ទះវិញ ៕
មតិយោបល់