ព័ត៌មានជាតិ

Update៖ ​ផ្ទះពលរដ្ឋចំនួន​០៥​ខ្នង​និង​សម្ភារៈ ត្រូវអគ្គិភ័យ​ឆេះអស់ទាំង​ស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​អស់​ចំនួន​ ៥​ខ្នង​ និង​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង​ផង​ដែរ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៩និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២២​ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៥​ ផ្លូវ​លេខ​២៤៧​ ភូមិ​១០​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ ភ្លាមៗ​នោះ​ លោក​ក៏​បាន​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​គោលដៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ឲ្យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ផង​ដែរ​ ។​

ដោយនៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​នេះ​ គឺ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ ចំនួន​ ១៩​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៥៧​ឡាន​ ស្មើ​នឹង​ ២២៨​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​មក​ពី​ក្រសួងមហាផ្ទៃ​ ចំនួន​ ២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ២​ឡាន​ ស្មើ​នឹង​ ៨​ម៉ែត្រគូប​,​ ក្រុមហ៊ុន​ OCIC​ ទីក្រុង​កោះ​ពេជ្រ​ ចំនួន​ ៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រ​ ក្នុង​ប្រតិបត្តិការ​បាញ់​ឲ្យ​រលត់​ទាំងស្រុង ​។​

លោក​វរសេនីយ៍ឯក​ បាន​បញ្ជាក់​ថា​ ចំពោះ​អគ្គិភ័យ​ខាងលើ​នេះ​ បាន​ឆេះ​បំផ្លាញ​ ឈើ​លើ​ថ្ម​ក្រោម​ ដែល​មាន​ទំហំ​ ៤​ម៉ែត្រ​ x​ ១៦​ម៉ែត្រ​ និង​ឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន​ ១​ខ្នង​ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ចំនួន​ ៥​ខ្នង​អស់ទាំង​ស្រុង​ ។​

យ៉ាងណាមិញ​ សម្រាប់​ប្រតិបត្តិការ​នេះ​ គឺ​សមត្ថកិច្ច​ជំនាញ​ បាន​ធ្វើការ​គ្រប់​គ្រង​បាន​នៅ​វេលា​ម៉ោង​ ១១និង១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ ។​ សម្រាប់​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ គឺ​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើង​ ។​ ចំពោះ​មូលហេតុ​ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ ដោយសារ​តែ​ការ​ ឆ្លង​ចរន្តអគ្គិសនី​ ។​

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ មុន​នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​ស្រុក​កំណើត​ ឬ​ក៏​ទៅ​កាន់​តំ​នប់​កម្សាន្ត​ផ្សេងៗ​ ត្រូវ​តែ​ធ្វើការ​បិទ​ចរន្តអគ្គិសនី​ ទឹក​ ពិនិត្យ​មើល​ ភ្លើង​ធូប​ ភ្លើងទៀន​ ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ ។​

​ក្នុង​ករណី​ចាំបាច់​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​រាយការណ៍ ​មក​កាន់​លេខ​ទូរស័ព្ទ​បន្ទាន់​ 666​ រឺ​ក៏​លេខ​ទូរស័ព្ទ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ តាម​រយៈ​លេខ​ 097​ 7​ 3333​ 55 ៕

មតិយោបល់