ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចស្រាវជ្រាវបំបែកករណីឃាតកម្ម រំលោភសម្លាប់ ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន៣នាក់

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានណែនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសម្របសម្រួលពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះស្រាវជ្រាវស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម (រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទី២.ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

បន្ទាប់ពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាព ចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ ។ បន្ទាប់មករហូតដល់ម៉ោង២និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀតមានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយមកទៀតពេលកម្លាំងជំនាញ ធ្វើការសាកសួរបំភ្លឺជនសង្ស័យទាំង៣នាក់ ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា រូបខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិពិតប្រាកដមែន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣និង០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់