ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនម៉ាទឹកកក១៧ថង់

បន្ទាយមានជ័យ: ជនសង្ស័យ២នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចុះល្បាតក្នុងមូលដ្ឋាន ឈានដល់ការឃាត់ខ្លួន បានជាបន្ដបន្ទាប់ ឆែកឆេររកឃើញថ្នាំញៀន១៧ថង់តូច។

សម្ថកិច្ចបានលើកឡើងឲ្យដឹងថា កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ស្នាក់ការ សន្តិសុខ៥៦៨ បានធ្វើការចុះល្បាត ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ កំពុងលួចជក់គ្រឿងញៀន ហើយសម្ថកិច្ចបានធ្វើការឃាត់ខ្លួន និងដកហូត វត្ថុតាងគ្រឿងញៀន ប្រភេទយ៉ាម៉ា ទឹកកក បានចំនួនមួយកូនថង់តូច។ ក្រោយមកទៀត នៅវេលាម៉ោង៨យប់ថ្ងៃទី២១ ដដែលកម្លាំងអាវុធហត្ថ បានធ្វើការស្រាវជ្រាវ បន្តនិងធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត ធ្វើការឆែកឆេរក្នុងខ្លួន បានដកហូតវត្ថុតាងគ្រឿងញៀន២កូនថង់តូច ហើយបានបន្តធ្វើការឆែកនៅក្នុងបន្ទប់លេខ២២៧ ក្នុងសណ្ឋាគារហ្គូតឡាក់ របស់ជនសង្ស័យ បានរកឃើញថ្នាំញៀនចំនួន១៤ ថង់តូចបន្ថែមទៀត សរុបថ្នាំញៀនមានចំនួន១៧ថង់តូច មានទម្ងន់១០.១៦ក្រាម និងទូរស័ព្ទដៃ២គ្រឿង ប្រាក់៧ម៉ឺនរៀល ហើយប្រាក់ដុល្លារ១៣ដុល្លារ។

ជនសង្ស័យទាំង២នាក់ ក្រោយពីឃាត់ខ្លួន អាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរបន្ត។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកលើការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នោះ ១ឈ្មោះ ឡាយលីម៉េង ប្រុសអាយុ២១ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទប់ជួល ក្នុងភូមិប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកប្រើប្រាស់ ២ឈ្មោះ ជា ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងបន្ទប់ជួលលេខ២២៧ សណ្ឋាគារហ្គូដឡាក់ ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅមុខអាវុធហត្ថជនសង្ស័យឈ្មោះ ជា ផល្លា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តជួញដូរគ្រឿងញៀន ពិតប្រាកដមែន ។ ដោយគ្រឿងទាំងអស់នេះ ខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះមួយកូនថង់តូចតំលៃ១០ ដុល្លារ ដើម្បីយកមកលក់បន្ត។ ក្រោយពីបានចម្លើយសារភាពជនសង្ស័យ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការខេត្ត ដើម្បីដាក់ទោសទៅតាមនីតិវិធីច្បាប់៕

image

image_1

មតិយោបល់