(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើពិភពលោក។
លោក ពូទីន បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោកថាមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត (Sarmat) ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពីតំបន់ប្លេសិក (Plesetsk) នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែល បានកំណត់នៅឯឧបទ្វីប កាំឆាតកា (Kamchatka) ក្នុងរយៈចម្ងាយពីគ្នាជិត ៦,០០០គីឡូម៉ែត្រ។
ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានា សន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់យើងត្រូវបញ្ឈប់ ឬគិត ២ដង មុននឹងពួកគេចង់ធ្វើអ្វីមួយ»៕
ប្រភព៖ Reuters
មតិយោបល់