កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ករណីរំលោភលើទំនុកចិត្ត ស្រុកស្អាងស្អាង ខេត្តកណ្តាល ចំណុចកន្លែងលក់ដូរ២៤ម៉ោង ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០២នាក់៖ ១. ឈ្មោះ ហ៊ូវ គីមថេង ហៅ គោ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ២. ឈ្មោះ រ៉ា គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ចាន់ រ៉ា ហៅ ឈឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូចំនួន០២គ្រឿង ។ ១.ម៉ូតូម៉ាកហុងដាឌ្រីម (សង់) ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1SM.2293 (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ូវ គីមថេង ហៅ គោ) ។ ២. ម៉ូតូម៉ាកហុងដាឌ្រីម (សង់) ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH.2060 (ជារបស់ជនរងគ្រោះឈ្មោះ រ៉ា គឹមហុង) ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២ និង ៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ូវ គីមថេង ហៅ គោ បានជិះម៉ូតូ មកហូបមីនៅកន្លែងកើតហេតុ ហើយក៏បានជួបឈ្មោះ ចាន់ រ៉ា ហៅ ឈឹម រួចក៏បានខ្ចីម៉ូតូរបស់ឈ្មោះ ហ៊ូវ គីមថេង ហៅ គោ ថាជូនប្អូនទៅវត្តទឹកវិលមួយភ្លែត រួចក៏បានយកម៉ូតូទៅបាត់រហូត ។
ក្រោយមកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០នាទី ឈ្មោះ រ៉ា គឹមហុង បានជិះម៉ូតូមកលេងនៅវត្តឈូងលាភ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចក៏បានជួប នឹងជនសង្ស័យដដែល ខណៈពេលនោះជនសង្ស័យក៏បានពឹងជនរងគ្រោះ ឲ្យជួយជូនខ្លួនទៅកន្លែងបោកអ៊ុតខោអាវមួយភ្លែត ពេលនោះឈ្មោះ រ៉ា គឹមហុង បានឲ្យជនសង្ស័យឈ្មោះ ចាន់ រ៉ាហៅ ឈឹម ជាអ្នកជិះម៉ូតូឌុបខ្លួន លុះពេលជិះម៉ូតូទៅដល់កន្លែងបោកអ៊ុតខោអាវ ជនសង្ស័យឈ្មោះ ចាន់ រ៉ា ហៅ ឈឹម បានឲ្យឈ្មោះ រ៉ា គឹមហុង ចូលទៅយកខោអាវរបស់ខ្លួននៅកន្លែងបោកអ៊ុត ។ ស្រាប់តែជនសង្ស័យបានជិះម៉ូតូ ទៅបាត់តែម្ដង ។
រហូតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០នាទី ឈ្មោះ ហ៊ូវ គីមថេង ហៅ គោ ក៏បានជួបនឹងជនសង្ស័យឈ្មោះ ចាន់ រ៉ា ហៅ ឈឹម នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល រួចក៏បានឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចករណីខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់