ព័ត៌មានជាតិ

ស្រ្តីម្នាក់បើកម៉ូតូវ៉ាជែងរថយន្ត ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលកិនស្លាប់ម្នាក់និងរងរបួសម្នាក់

កណ្ដាល: ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០ និង ៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់ ទីតាំងស្ថិតនៅលើកំណាត់ផ្លូវលេខ១៥១ ក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ប្រភេទក្រឡុកបេតុង ពាក់ស្លាកលេខភ្នំពេញ 5A-1100 បើកបរទិសដៅពីលិចទៅកើត ដោយឈ្មោះ ខៀវ ខួច ភេទប្រុស អាយុ ២៩ (១១-០៤-១៩៩២) មានទីលំនៅសព្វថ្ងៃភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន) ។ លុះពេលបើកបរមកដល់ត្រង់ចំណុច កើតហេតុបានបត់ស្តាំនៅពេលកំពុងបត់ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងបានបើកឡើងវ៉ាជែងខាងស្តាំរថយន្តនៅពេលកំពុងឡើង វ៉ាជែង ម៉ូតូបានងាកចង្កូតចូលចំហៀងរថយន្តផ្នែកខាងស្តាំ បណ្តាលឲ្យរថយន្តកិនស្លាប់អ្នករួមដំណើរ នៅនឹងកន្លែងកើតហេតុ និងអ្នកបើកបររងរបួសស្រាល ។ ម៉ូតូម៉ាក Honda scoopy ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AL-1557 បើកបរដោយឈ្មោះ ផន លីហ័ន ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួសស្រាល) អ្នករួមដំណើរឈ្មោះ នៅ ស្រីនូ អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

នៅក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកធ្វើការគូសដៅវាស់វែងកន្លែងកើតហេតុរួច នាំយកវត្ថុតាងមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ ។

ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែសមិនប្រុងប្រយ័ត្ន វ៉ាជែងខាងស្តាំរថយន្ត មិនបានពិនិត្យមើលស្ថានភាពផ្លូវ ឲ្យបានច្បាស់លាស់មុននឹងវ៉ាជែង ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់