ព័ត៌មានជាតិ

បុរស២នាក់ផឹកស្រាស្រវឹង ជិះម៉ូតូបុកឆ្កែបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសស្រាលម្នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសពីរនាក់បន្ទាប់ពីផឹកស្រាស្រវឹង ជិះម៉ូតូបុកសត្វឆ្កែបណ្ដាលឲ្យស្លាប់០១នាក់និងរងរបួសស្រាល០១នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខជញ្ជីង ចន្លោះគីឡូម៉ែត្រ១៩២-១៩៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២៣និង៤៥នាទី បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះដល់កន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា តាមប្រភពនៅកន្លែងកើតហេតុថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់(1A-2174) បើកបរដោយឈ្មោះ ភាព កុយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកានខេត្តពោធិ៍សាត់(ស្លាប់)នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះចាន់ ថន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុខាងលើបានបុកជាមួយសត្វឆ្កែមួយក្បាលយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មនុស្ស០១នាក់និងរងរបួសស្រាល០១នាក់។ ចំពោះសាកសពសមត្ថកិច្ចយើងបានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា ស្រវឹងស្រា បើកបរល្បឿនលឿន បើកបរម៉ូតូមិនមានបំពាក់កញ្ចក់និងមិនពាក់មួកសុវត្ថិភាព។
វត្ថុតាងម៉ូតូបានប្រគល់អោយទៅបងប្អូនយកទៅជួសជុលប្រើប្រាស់៕

 

មតិយោបល់