ព័ត៌មានជាតិ

អ៊ំស្រីម្នាក់វាយធ្វើបាបក្មួយប្រុសស្ទើររាល់ថ្ងៃ ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ករណីអ៊ំស្រីចិត្តព្រៃផ្សៃម្នាក់ លើកដៃវាយក្មួយប្រុសអាយុ៥ឆ្នាំស្ទើររៀងរាល់ថ្ងៃ បណ្ដាលឲ្យមានរបួស ត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះជាជនជាតិវៀតណាមមានឈ្មោះ ទី អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ រស់នៅឯប្រទេសវៀតណាម ដោយក្មេងប្រុសរងគ្រោះរស់នៅជាមួយអ៊ំស្រី ដែលជាស្ត្រីមេម៉ាយនៅត្រង់ចំណុចបន្ទប់ជួលកើតហេតុ អស់រយ:ពេលជិតមួយឆ្នាំហើយ ។ ក្នុងអំឡុងដែលស្ត្រីជាអ៊ំ និងក្មួយប្រុសរងគ្រោះបានមកស្នាក់នៅ បន្ទប់ជួលកើតហេតុគេសង្កេតឃើញអ៊ំស្រីមិនដែលឲ្យក្មេងប្រុសរងគ្រោះ ចេញមកលេងនៅខាងក្រៅផ្ទះជាមួយនិងក្មេងៗដទៃ ហើយតែងតែវាយដំក្មេងប្រុសរងគ្រោះស្ទើរជារៀងរាល់ថ្ងៃ ។ ពេលអ៊ំស្រីនោះខឹងហ្នឹងក្មេងប្រុសរងគ្រោះ មិនដឹងខឹងរឿងអ្វីនោះទេ សូម្បីតែប្រើក្មេងប្រុសរងគ្រោះទិញអ្វីមិនបានដូចបំណង ក៏ស្ត្រីជាអ៊ំនោះវាយដំក្មេងប្រុសរងគ្រោះដែរ ។ ហើយពេលដែលស្ត្រីជាអ៊ំវាយដំក្មេងប្រុសរងគ្រោះម្តងៗ គ្មានអ្នកណាហ៊ានចូលទៅជួយឃាត់នោះទេ ព្រោះស្ត្រីជាអ៊ំតែងតែឈ្លោះប្រកែក ជាមួយអ្នកដែលចូលទៅជួយឃាត់នោះតែម្តង មិនថាអ្នកណានោះទេ ។

នៅថ្ងៃកើតហេតុស្ត្រីជាអ៊ំនោះ បានផឹកស្រាស្រវឹងនិងបានឈ្លោះប្រកែកគ្នា ជាមួយប្រុសម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីនោះ រហូតប្រុសនោះប្រមូលខោអាវចេញពីក្នុងបន្ទប់ជួលថែមទៀតផង ប៉ុន្តែមិនដឹងថាឈ្លោះគ្នាដោយសារតែមូលហេតុអ្វីនោះទេ ។ ក្រោយមកក្មេងរងគ្រោះក៏បានដើរចូលទៅក្នុងបន្ទប់ ពេលស្ត្រីជាអ៊ំនិងប្រុសនោះកំពុងតែឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ។ រំពេចនោះស្រាប់តែស្ត្រីជាអ៊ំបានលើកដៃវាយដំ ទៅលើក្មេងប្រុសរងគ្រោះ រហូតក្មេងប្រុសអង្គុយបត់ជើងលើកដៃសំពះ ក៏ស្ត្រីជាអ៊ំនៅតែវាយដំនិងបានទាត់ក្មេងប្រុសរងគ្រោះ ផ្ទុបជាមួយគ្រែ បណ្តាលឲ្យហូរឈាមតាមច្រមុះដោយមិនដឹងថា ក្មេងប្រុសរងគ្រោះបានធ្វើអ្វីខុសនោះទេ ។ ដោយអ្នកជិតខាងឃើញហើយទ្រាំមិនបាន ក៏នាំគ្នាចូលទៅជួយឃាត់និងបានរាយការណ៍ជូនសមត្ថកិច្ច ចុះទៅអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកស្ត្រីជាអ៊ំនោះមិនព្រមចេញពីក្នុងផ្ទះនោះទេ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំក្មេងប្រុសរងគ្រោះ ទៅសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ មួយយប់សិនដើម្បីរង់ចាំព្រឹកស្អែក ធ្វើការកោះហៅស្ត្រីជាអ៊ំយកទៅធ្វើការអប់រំណែនាំ តាមផ្លូវច្បាប់ ៕

មតិយោបល់