ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ: នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចស្ថិតត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ដា ណា អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចម្ការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។
សម្ភារ:ដែលបាត់បង់រួមមាន៖ កាបូបកាតគ្រីម៉ូតូ ១សន្លឹក អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាតចាក់វ៉ាក់សាំង ១សន្លឹក លុយ ១០ម៉ឺនរៀល និងឯកសារមួយចំនួន។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-5998 ចេញពីម្តុំពេទ្យសម្ដេចឪក្នុងគោលបំណង ទៅកន្លែងស្នាក់នៅវីញក្នុងបុរីពិភពថ្មីចម្ការដូង ដោយកាបូបរបស់គាត់បានដាក់នៅរានខាងមុខម៉ូតូ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូពីរគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយ ដោយជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងខាងមុខបានធ្វើសកម្មភាពឆក់យកកាបូបគាត់បានសម្រេច ចំណែកជនសង្ស័យ ២នាក់ទៀត ជិះម៉ូតូមួយគ្រឿងបិតគូទពីក្រោយ។

ក្រោយពីធ្វើសកម្មភាពឆក់បានសម្រេចហើយពួកគេទាំង ៤នាក់ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ភ្លាមៗនោះរូបគាត់ក៏បានស្រែកចោរៗដែរ តែគ្មានអ្នកជួយទេទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ ដែលកំពុងល្បាតបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលធ្វើការសួរនាំ និងបាននាំជនរងគ្រោះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានប្រាប់ជនរងគ្រោះថា នៅចំណុចកើតហេតុខាងលើនេះគឺ នៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ហើយសមត្ថកិច្ចបានប្រាប់ជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់បឹងសាឡាង៕

មតិយោបល់